ការបណ្តេញចេញនៅសហគមន៍រស្មីសាមគ្គី និង ការទទួលបានសំណងសមរម្យ

22 វិច្ឆិកា 2024, 00:00 245 ការមើល
ការបណ្តេញចេញនៅសហគមន៍រស្មីសាមគ្គី និង ការទទួលបានសំណងសមរម្យ

     ឈរនៅពីមុខផ្ទះរបស់គាត់គឺ លោកពូ ថេត មានអាយុ ៤៩ឆ្នាំ ជាអ្នកស្ម័គ្រចិត្តសហគមន៍រស្មីសាមគ្គី។ លោកពូ កំពុងឈរសម្លឹងមើលផ្ទះរបស់គាត់ និងគិតពីជីវិតដែលគាត់បានកសាងឡើងជាមួយគ្រួសាររបស់គាត់ នៅក្រោមដំបូលផ្ទះ ដែលគាត់នឹងត្រូវបោះបង់ចោលនាពេលអនាគតនេះហើយ។ ដំណឹងនៃការអភិវឌ្ឍ និងការបណ្តេញចេញនៅក្នុងសហគមន៍រស្មីសាមគ្គី បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងមិនត្រឹមតែសម្រាប់ លោកពូ ថេត ប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សហគមន៍ទាំងមូល។ លោកពូ ថេត បាននិយាយរៀបរាប់ពីអារម្មណ៍របស់លោកពូប្រាប់ថា៖  “ខ្ញុំចាំថាពេលដែលខ្ញុំបានឮពីគម្រោងអភិវឌ្ឍន៍ដំបូងខ្ញុំគិតច្រើនណាស់។ គិតថាតើសំណងនឹងត្រឹមត្រូវអាចទទួលយកបានទេ? តើវាគ្រប់គ្រាន់ទេក្នុងការចាប់ផ្តើមជីវិតថ្មីជាមួយគ្រួសាររបស់ខ្ញុំ? ខ្ញុំដឹងថាខ្ញុំនឹងបាត់បង់យ៉ាងច្រើនពេលវេលា មុខរបរ ទីលំនៅ”។

    សហគមន៍រស្មីសាមគ្គីមានទីតាំងស្ថិតនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យរាជធានីភ្នំពេញ។ សហគមន៍នេះ ជាសហគមន៍មួយក្នុងចំណោមសហគមន៍ផ្សេងទៀត ដែលងាយរងគ្រោះនឹងការលិចទឹកនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ សហគមន៍នេះពុំមានប្រព័ន្ធលូនោះទេ គឺមានតែប្រឡាយដែលនៅពីក្រោយផ្ទះរបស់ប្រជាសហគមន៍។ ពេលភ្លៀងម្ដងៗសហគមន៍អាចប្រឈមនឹងការលិចទឹកចន្លោះពី ១ ទៅ២ ម៉ោង។

    គម្រោងអភិវឌ្ឍន៍ស្តារប្រឡាយរបស់សាលារាជធានីភ្នំពេញ នៅក្នុងសហគមន៍រស្មីសាមគ្គីបានលិចឡើង។ គម្រោងនេះជាគម្រោងមួយក្នុងចំណោមគម្រោង៥០ផ្សេងទៀត របស់សាលារាជធានីភ្នំពេញក្នុងគោលបំណងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀង។ អត្ថបទខ្លីនេះនឹងបង្ហាញពីការបណ្ដេញចេញ ការទូទាត់សំណង និងផលប៉ះពាល់នៃការអភិវឌ្ឍដែលគួរតែផ្តល់អាទិភាពដល់ជីវភាព និងសុខុមាលភាពរបស់ប្រជាសហគមន៍រស្មីសាមគ្គី។ 

ការស្តារប្រឡាយ និងការទូទាត់សំណង

    ប្រជាសហគមន៍បានដឹងពីគម្រោងស្តារប្រឡាយទឹកស្អុយស្ទឹងមានជ័យ២នេះ តាំងពីខែមិនា ឆ្នាំ២០២៤ មកម្ល៉េះ បើយោងតាមពាក្យសម្ដីរបស់លោកពូ ថេត ដែលជាអ្នកតំណាងសហគមន៍។ ប្រជាសហគមន៍ដែលរស់នៅតាមប្រឡាយនេះ ត្រូវបានលើកទឹកចិត្តឱ្យទៅរស់នៅកន្លែងផ្សេងទៀតដោយរដ្ឋាភិបាលនឹងទូទាត់ថ្លៃសំណងទៅឱ្យពួកគេជសាច់ប្រាក់ យោងទៅតាមប្រភេទផ្ទះនីមួយៗ។ នៅខែមេសា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនឯកជនមួយជួលដោយរដ្ឋាភិបាល បានចុះទៅវាស់វែងនៅនឹងកន្លែង និងបានទូទាត់សំណងឱ្យប្រជាសហគមន៍កាលខែកញ្ញានេះ ដោយគ្មានការចចារ និងពិភាក្សាគ្នាជាមួយប្រជាសហគមន៍នោះឡើយ។ 

    យោងតាមពាក្យសម្ដីរបស់ប្រជាសហគមន៍សម្ភាសដោយអង្គការសមាគមធាងត្នោត សព្វថ្ងៃនេះ ប្រជាសហគមន៍មួយចំនួន ដែលបានកាត់ដីទាំងអស់ឱ្យទៅរាជធានីរាជរដ្ឋាភិបាលជាថ្នូរនឹងសំណងបានផ្លាស់ទីលំនៅទៅរស់នៅកន្លែងផ្សេង តាំងពីថ្ងៃទី១៨ ខែតុលា កន្លងទៅនេះ។ ក្រៅពីនោះទៀត ប្រជាសហគមន៍ប្រហែលពាក់កណ្តាលទៀត   ដែលនៅសល់ដីចំណីផ្ទះខ្លះទៀត ក្រោយពីបានកាត់ដីទៅឱ្យរាជរដ្ឋាភិបាលនៅតែបន្តរស់នៅក្នុងសហគមន៍ដដែរ។ លោកពូ ថេត ដែលបានប្រគល់ដីទាំងអស់ទៅឱ្យរាជរដ្ឋាភិបាល បាននិយាយប្រាប់អង្គការសមាគមធាងត្នោតអំពីគម្រោងអភិវឌ្ឍន៍នេះ និងការទូទាត់សំណងថា៖ “គេ[សាលាខណ្ឌ]បានហៅយើងទៅសាលាសង្កាត់ដើម្បីផ្តល់ព័ត៌មានដល់យើងថាមានការអភិវឌ្ឍ ហើយសំណងគឺគេសងទៅតាមតម្លៃទីផ្សារ…គេសងទៅតាមប្រភេទផ្ទះ ផ្ទះតូចឬធំ ផ្ទះស័ង្កសីឬថ្ម។”

    ចំពោះលោកពូ ថេត គាត់ដឹងតាំងពីដំបូងថាសំណងនេះមិនគ្រប់គ្រាន់ទេ។ លោកពូបានពន្យល់ប្រាប់ថា៖ “មួយចំណុចនៃសំណងគឺត្រឹមត្រូវ តម្លៃផ្ទះការ៉េនឹងគឺតម្លៃទីផ្សារទាំងអស់ ប៉ុន្តែវាមិនមានលក្ខណៈប្រសើរទេ…ព្រោះយើងបាត់ច្រើនពេក។ ប្រសិនបើឱ្យដីនៅទីតាំងថ្មីមួយទៀតនឹងប្រសើរឡើង។ វា[សំណង] គ្រប់គ្រាន់ក្នុងការទិញដី ប៉ុន្តែមិនគ្រប់គ្រាន់អាចសង់ផ្ទះបានទេ”។

    ស្រដៀងគ្នាដែរ លោកពូ សុផល ដែល​មានអាយុ ៦០ឆ្នាំ និងបានរស់​នៅ​ក្នុងសហគមន៍រស្មីសាមគ្គីតាំងពី​ទសវត្សរ៍​ឆ្នាំ២០០០ មកក៏បានសម្ដែងការមិនពេញចិត្តទៅនឹងការទូទាត់សំណងដែរ។ លោកពូ បានពន្យល់ប្រាប់ថា៖“គេ [រដ្ឋាភិបាល] សងតែថ្លៃផ្ទះដែលប៉ះពាល់។ បើគេ[រាជរដ្ឋាភិបាល] គិតថាដីគ្នា [ប្រជាសហគមន៍] ខំទិញមកនៅហើយដល់យើង [រាជរដ្ឋាភិបាល] ត្រូវការអភិវឌ្ឍត្រូវរកដីអីហើយដោះដូរឱ្យគាត់ [ប្រជាសហគមន៍]ទៅនៅកន្លែងណាផ្សេងអីចឹងអានឹងបានវាគ្រប់គ្រាប់។ មានន័យថា យើងបានគិតថ្លៃផ្ទះនិងមានដីទៀត”។ ការទូទាត់សំណងដែលមិនបានគិតពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋបែបនេះ បានបណ្តាលឱ្យប្រជាសហគមន៍ទទួលរងផលវិបាកផ្សេងៗទៀតដូចខាងក្រោម។

ផលវិបាកនៃការបណ្តេញចេញ

    ខណៈពេលដែលប្រជាសហគមន៍ខ្លះបានផ្លាស់ទីលំនៅទៅកន្លែងផ្សេងទៀត សហគមន៍រស្មីសាមគ្គីដែលធ្លាប់តែមានសភាពអ៊ូរអរបានក្លាយជាស្ងាត់ជ្រងំ។ ប្រជាសហគមន៍ដែលបានរួមរស់ជាមួយគ្នាអស់ជាច្រើនឆ្នាំឥឡូវបានចែកផ្លូវគ្នាទៅរស់នៅកន្លែងផ្សេងៗគ្នា។ លោកពូ សុផល ដែលបានបន្តរស់នៅក្នុងសហគមន៍ទៀត បានលើកឡើងពីស្ថានភាពដ៏សោះកក្រោះ របស់សហគមន៍ថា៖ “សហគមន៍នេះប្រហែលជារលាយហើយ…រសាយ។ ព្រោះវាអត់មានអីតទៅ មុខទៀត…ព្រោះបងប្អូនបែកផ្លូវគ្នាអស់ហើយ។ អ្នកខ្លះទៅជួលផ្ទះ អ្នកខ្លះទិញដីបាន ក៏ទៅនៅជាយក្រុងទៅអ្នកខ្លះទៀតទៅអត់អស់ផ្ទះក៏នៅធម្មតាទៅ”។

    ចំណែកឯ លោកពូ ថេត វិញ ដែលបានអស់ដីផ្ទះដោយសារគម្រោងអភិវឌ្ឍន៍នេះ និងបានផ្លាស់ទីលំនៅទៅនៅផ្ទះជួលវិញ បាននិយាយពីការបណ្តេញចេញនេះ ទាំងអារម្មណ៍ក្តុកក្តួលថា៖ “សម្រាប់ខ្ញុំវិញ វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ខ្ញុំខ្លាំង ដូចជាអត់ទីជម្រក។ ហើយថវិកាដែលខ្ញុំទទួលយកនេះយកទៅទិញដីសាងសង់ជាផ្ទះគឺអត់បានទេ។ ចឹងវាបាត់បង់សព្វគ្រប់បែបយ៉ាង ទម្រាំតែយើងអាចរកមុខរបរប្រាក់ចំណូលបាន។ មិនដឹងថា ប៉ុន្មានថ្ងៃ ប៉ុន្នានខែ ប៉ុន្នានឆ្នាំបានយើងរកបានវិញ ព្រោះយើងជាអ្នកក្រីក្រ។

    ការណ៍នេះបង្ហាញថា ផលវិបាកផ្នែកសេដ្ឋកិច្ចក៏ជាលទ្ធផលបណ្តាលមកពីការបណ្តេញចេញ ដោយការទូទាត់សំណងមិនទទួលបានភាពសមរម្យ។ ប្រជាសហគមន៍ជាច្រើនរួមទាំង លោកពូ ថេត និងលោកពូ សុផល នឹងត្រូវបាត់បង់មុខរបរចិញ្ចឹមជីវិតដែលធ្លាប់ជាឆ្នាំងបាយរបស់ពួកគេ។ លោកពូ ថេត បានបន្តពន្យល់ទៀតថា៖ “ទីកន្លែងមុខរបររាល់ថ្ងៃនេះមិនមែនទៅរកបានងាយទេ។ ហើយមុខរបរដទៃទៀតគឺ សូន្យ…បើម៉ូតូឌុបសូន្យ កង់បី និងតុកតុកនៅចាំតែថ្ងៃដួល ផ្នែកសំណងក៏ដួលដែរ។ និយាយរួមបើ មុខរបរតូចតាច អត់មានទឹកមាត់លេបទេ។

    លោកពូ សុផលវិញ ដែលជាអ្នករត់កង់បីនិងជួលបន្ទប់ជួលបាននិយាយពីផលវិបាកផ្នែកសេដ្ឋកិច្ចរបស់គាត់និងគ្រួសារថា៖ “ខ្ញុំនិងកូនខ្ញុំអស់ ៦បន្ទប់ [ដោយសារការកាត់ដីបន្ទប់ជួល]។ ប្រសិនបើជួលឱ្យគេ ៦បន្ទប់នឹងក៏បាន ២០០ដុល្លាដែរ ក្នុងមួយខែ។ នឹងវាជាចំណុចអវិជ្ជមាន”។ រឿងរ៉ាវរបស់លោកពូ ថេត និងលោកពូ សុផល បានឆ្លុះបញ្ចាំងពីផលវិបាកនៃសំណងមិនសមរម្យ ដែលកើតចេញពីគម្រោងអភិវឌ្ឍន៍ទីក្រុង ដែលមិនបានយកបញ្ហាសហគមន៍មកគិតពិចារណាមុនពេលគម្រោងអភិវឌ្ឍន៍ត្រូវបានប្រកាស។ ជាហេតុ ប្រជាសហគមន៍ដូចលោកពូ ថេត  និងលោកពូ សុផល ត្រូវជួបប្រទះផលវិបាកជាច្រើនដូចបានរៀបរាប់ខាងលើ។  

សេចក្តីសន្និដ្ឋាន

    ការបណ្តេញចេញ និងការទូទាត់សំណងដែលមិនមានភាពសមរម្យនៅ សហគមន៍រស្មីសាមគ្គីនេះ បានបង្ហាញពីការដើរមិនស្របគ្នារវាងការអភិវឌ្ឍទីក្រុងរបស់រាជរដ្ឋាភិបាល និងតម្រូវការរបស់ប្រជាសហគមន៍ ដែលរងផលប៉ះពាល់ដោយសារគម្រោងទាំងនោះ។ បទពិសោធន៍របស់លោកពូ ថេត និងលោកពូ សុផល បានបង្ហាញពីភាពចាំបាច់នៃគម្រោងអភិវឌ្ឍន៍ដែលគួរតែធ្វើឱ្យមានតុល្យភាពរវាងវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធជាមួយនឹងយុត្តិធម៌សង្គម។ ការអភិវឌ្ឍទីក្រុងពិតប្រាកដ មិនគួរគិតតែផលប្រយោជន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ  ប៉ុន្តែថែមទាំងគោរព និងដោះស្រាយបញ្ហាជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយផ្ទាល់ពីគម្រោងអភិវឌ្ឍន៍ទាំងនោះផងដែរ។

    រាជរដ្ឋាភិបាល  គួរតែធានាថាសហគមន៍អាចធ្វើការផ្លាស់ទីលំនៅចេញពីកន្លែងអភិវឌ្ឍន៍ដោយគ្មានការខ្វល់ខ្វាយផ្នែកសេដ្ឋកិច្ចឬសង្គមណាមួយនោះទេ។ បន្ថែមពីនេះទៀត រាជរដ្ឋាភិបាល ក៏ត្រូវធានាថាសហគមន៍នឹងអាចរស់នៅកន្លែងថ្មីដោយគ្មានក្តីបារម្ភផងដែរ។

    សម្រាប់លោកពូ ថេត ផ្ទាល់ដែលកំពុងរស់នៅផ្ទះជួលមិនសុំអ្វីច្រើននោះទេ គឺសុំតែឱ្យរាជរដ្ឋាភិបាលធ្វើការទូទាត់សំណងមានលក្ខណៈសមរម្យ   និងល្អប្រសើរដែលអាចឱ្យប្រជាសហគមន៍ផ្លាស់ទីលំនៅទៅរស់នៅកន្លែងផ្សេងទៀតបានដោយគ្មានក្តីបារម្ភ។

  សម្រាប់លោកពូ សុផល វិញសុំឱ្យរដ្ឋាភិបាលធ្វើផ្លូវនៅជាប់នឹងប្រលាយ ដើម្បីសម្រួលដល់ប្រជាសហគមន៍ក្នុងការចេញចូលសម្អាតកាកសំណល់នៅក្នុងប្រលាយ។ បន្ថែមពីនេះទៀត លោកពូក៏សុំរាជរដ្ឋាភិបាលធ្វើប្លង់ដីឱ្យប្រជាសហគមន៍ដែលនៅបន្តរស់នៅក្នុងសហគមន៍រស្មីសាមគ្គី   ដូចដែលបានសន្យានៅពេលប្រជុំលើកទី១របស់សាលាខណ្ឌ។

ទាញយក
ចែករំលែក: