គម្រោង បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា (អាយស៊ីធី) នៅខែនេះ បានរៀបចំវគ្គបណ្តុះ បណ្តាលចំនួនពីរលើក ក្នុងគោលបំណងដើម្បីពង្រឹកជំនាញរបស់សកម្មជនសហគមន៍ ក្នុងការប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទឆ្លាតវៃ អ៊ិនធ័រណិត និងកម្មវិធីផ្សេងៗទៀតនៅលើអ៊ិនធ័រណិត ដោយសុវត្ថិភាព។

នៅវគ្គបណ្តុះបណ្តាលលើកទី១ ដែលបានធ្វើនៅថ្ងៃទី ២២ ខែឧសភា អ្នកចូលរួមបានបានសិក្សាអំពី អ៊ិនធ័រណិត ដោយផ្តោតសំខាន់ទៅលើនិយមន័យ ប្រវត្តិ សារៈប្រយោជន៍ដែលអាចមាននៅលើអនឡាញ និងវិធីដែលមានប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ។ វគ្គបណ្តុះបណ្តាលលើកទីពីរ បានរៀបចំនៅថ្ងៃទី ៣០ ខែ ឧសភា ដែលបានផ្តោតទៅលើអ៊ីមែល និយមន័យ ការប្រើប្រាស់ និងរបៀបបង្កើតគណនេយ្យដោយត្រឹមត្រូវ និងគ្រប់គ្រងអាស័យដ្ឋានអ៊ីមែល ។ អ្នកចូលរួម នៃគម្រោង បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានវិទ្យា (អាយស៊ីធី) មកពីសហគមន៍ក្រីក្រផ្សេងគ្នា ក្នុងទីក្រុងភ្នំពេញ ហើយភាគច្រើន មិនធ្លាប់បានប្រើប្រាស់អ៊ិនធ័រណិត កុំព្យូទ័រ ឬមិនមានឱកាសដើម្បីរៀនអំពីកម្មវិធីស្តង់ដារ ដូចជាអ៊ីមែលនេះទេ ។

គោលបំណងជាទូទៅរបស់គម្រោង អាយស៊ីធី គឺផ្តល់វគ្គបណ្តុះបណ្តាលទៅកាន់សកម្មជនសហគមន៍ លើរបៀបប្រើប្រាស់កុំព្យូទ័រ ទូរស័ព្ទឆ្លាតវៃ និងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយមានប្រសិទ្ធភាព ដើម្បីពង្រឹងចំណេះដឹងរបស់ពួកគេ គាំទ្រសិទ្ធមនុស្ស និងបញ្ហាដីធ្លីដោយមានប្រសិទ្ធភាព នៅក្នុងប្រទេសកម្ពុជា ។