ការធានាឱ្យមានការតាំងទីលំនៅថ្មីសមរម្យ សម្រាប់សហគមន៍ផ្លូវរថភ្លើង
ទិដ្ឋភាពទូទៅ
កាលពីដើមខែសីហា ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋចំនួន ៣២០ គ្រួសារ ដែលរស់នៅក្នុងសង្កាត់គីឡូម៉ែត្រលេខ ៦ រាជធានីភ្នំពេញ (ដែលស្គាល់ថាជាសហគមន៍ផ្លូវរថភ្លើង) បានយល់ព្រមទទួលយកសំណងដីធ្លីដែលរៀបចំដោយអាជ្ញាធរមូលដ្ឋាន តាមរយៈការចាប់ឆ្នោតយកទីតាំងដីឡូតិ៍។ គួររំលឹកថា ករណីវិវាទដីធ្លីនេះ បណ្តាលមកពីគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងរបស់រដ្ឋ ទំហំ ១២ ម៉ែត្រ ព្រមទាំងប្រព័ន្ធលូតាមបណ្តោយផ្លូវរថភ្លើងចាស់។ ផ្លូវបេតុងថ្មីនេះនឹងរត់កាត់បីខណ្ខ ដោយភ្ជាប់ពី ខណ្ឌ ទួលគោក ទៅខណ្ឌឫស្សីកែវ ឆ្លងកាត់ ខណ្ឌដូនពេញ ដែលនេះទើបបណ្តាលឱ្យសហគមន៍ផ្លូវរថភ្លើងត្រូវបានប្រឈមនឹងការជម្លៀសចេញពីគម្រោងសាធារណៈមួយនេះ។ បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងស្វែងរកការគាំទ្រមតិ និងការចរចាជាច្រើនលើកកន្លងមក រដ្ឋបាលខណ្ឌឬស្សីកែវ បានរៀបចំកម្មវិធីចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ ដើម្បីបែងចែកដីធ្លីជូនគ្រួសារ ដែលរងផលប៉ះពាល់នៅតំបន់ទីតាំងថ្មី ដែលស្ថិតនៅតំបន់ក្បែរប្រឡាយអូរវែង ភូមិបឹងសាឡាង ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
គ្រួសារនីមួយៗ ទទួលបានដីទំហំ ទទឹង ៤ ម៉ែត្រ និងបណ្តោយ ១៥ ម៉ែត្រ ដោយមិនមានប្រាក់ឧបត្ថម្ភបន្ថែមអ្វីទាំងអស់។ សូមរំលឹកផងដែរថា ដំណោះស្រាយនេះបានកើតឡើង បន្ទាប់ពីការស្វែងរកការគាំទ្រមតិរបស់សហគមន៍ផ្លូវរថភ្លើង និងសកម្មជនដីធ្លី អស់រយៈពេលរាប់ឆ្នាំមកហើយ ដោយសមាជិកសហគមន៍ បានការពារសិទ្ធិរបស់ពួកគេដើម្បីទទួលបានសិទ្ធិដីធ្លី និងសិទ្ធិមានលំនៅដ្ឋានសមរម្យ។ ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍ទាំងមូលក៏មានការព្រួយបារម្ភជាចម្បងពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ទីតាំងថ្មីរបស់ពួកគេនឹងមិនអាចត្រូវបានសាងសង់ក្នុងពេលឆាប់ៗនេះបានទេ ដោយសារផ្នែកជាច្រើននៃទីតាំងនេះ ទើបតែចាប់ផ្តើម ចាក់ដីបំពេញសម្រាប់សាងសង់ផ្ទះតែប៉ុណ្ណោះ។
.jpg)
សា្ថនភាពលំនៅដ្ធានបច្ចុប្បន្នរបស់អ្នករស់នៅផ្លូវរថភ្លើង
ការចុះពិនិត្យទីតាំង និងពិភាក្សាជាមួយអ្នកដឹកនាំសហគមន៍ និងសមាជិក
បន្ទាប់ពីសហគមន៍បានទទួលយកដីឡូតិ៍រួចមក អង្គការសមាគមធាងត្នោត បានចុះទៅពិនិត្យមើលតំបន់ សម្រាប់ការផ្លាស់ប្តូរទីតាំងថ្មីនេះ ដើម្បីអង្កេតពីស្ថានភាពជាក់ស្តែង។ ផ្នែកខ្លះនៃទីតាំងនេះក៏បានបោះបង្គោលរួចហើយ សម្រាប់ប្រជាសហគមន៍ផ្លូវរថភ្លើង។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានគ្រួសារណាមួយបានផ្លាស់មកទីតាំងថ្មីនេះ នៅឡើយទេ ដោយសារទីតាំងរៀបចំមិនទាន់រួចរាល់។ លើសពីនេះទៅទៀត អង្គការសមាគមធាងត្នោតក៏បានកត់សម្គាល់ផងដែរថា ក្នុងតំបន់នេះ ពុំទាន់មានប្រព័ន្ធបណ្តាញទឹកស្អាត ឬប្រព័ន្ធភ្លើងនៅឡើយទេ។ ម្យ៉ាងទៀត ផ្លូវទល់មុខដីពុះឡូតិ៍ដែលបានចែកជូនប្រជាសហគមន៍នេះ នៅមិនទាន់មានការអភិវឌ្ឍន៍នៅឡើយទេ បើទោះបីជាផ្លូវនេះមានក្រាលគ្រួសក៏ដោយ។
.jpg)
ដីឡូតិ៍ត្រូវបានបែងចែកឲ្យអ្នករស់នៅផ្លូវរថភ្លើង
តំណាងសហគមន៍ម្នាក់បានប្រាប់ អង្គការសមាគមធាងត្នោតថា ទោះបីជាគ្រួសារទទួលយកកញ្ចប់សំណងក៏ដោយ ក៏សមាជិកសហគមន៍បានបន្តស្នើសុំជាសាធារណៈនៅក្នុងសន្និសីទសារព័ត៌មានកន្លងមក ដើម្បីអំពាវនាវដល់អាជ្ញាធររាជធានី ផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារៈបន្ថែម។ គ្រួសារនីមួយៗ មានតម្រូវការថរិកាជាចាំបាច់ សម្រាប់ការដឹកជញ្ជូនសម្ភារសំណង់ ការចំណាយលើការសាងសង់ផ្ទះថ្មី ការតភ្ជាប់បណ្តាញទឹកស្អាត និងប្រព័ន្ធអគ្គិសនី ក៏ដូចជាការទាមទារឱ្យផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជាដើម។ ជំហានបន្ទាប់របស់ប្រជាសហគមន៍គឺការស្នើសុំចុះបញ្ជីដីធ្លីបន្លែមទៀត។ ក្រៅពីនេះ តំណាងសហគមន៍ក៏បានសង្កត់ធ្ងន់ថា នេះគឺជារឿងបន្ទាន់បំផុត ហើយបច្ចុប្បន្ននេះពួកគាត់កំពុងស្វែងរកការគាំទ្រពីអាជ្ញាធររាជធានី និងអាជ្ញាធរមូលដ្ឋាន។
នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ សមាជិកសហគមន៍មួយចំនួនទៀតបានសម្តែងពីការធូរស្រាលក្នុងចិត្ត និងត្រេកអរ ដែលរដ្ឋាភិបាលបានផ្តល់សំណងមួយចំនួនដល់ពួកគេ។ ទោះជាយ៉ាងនេះក្តី ពួកគាត់មានការព្រួយបារម្ភ ចំពោះការកង្វះខាតផ្នែកហិរញ្ញវត្ថុសម្រាប់សាងសង់ផ្ទះឡើងវិញនៅលើដីឡូតិ៍តាមប្រឡាយនេះ។ សមាជិកសហគមន៍ក៏បានបង្ហាញការព្រួយបារម្ភ ស្រដៀងទៅនឹងការលើកឡើងរបស់តំណាងសហគមន៍បានលើកឡើងខាងដើម ទាក់ទងនឹងការទទួលបានប្រព័ន្ធទឹក ភ្លើង និងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី។ អង្គការសមាគមធាងត្នោតមានក្តីបារម្ភមួយ ក្រោយពីបានសម្ភាសជាមួយនឹងប្រជាសហគមន៍មក ដោយហេតុថា ពួកគាត់នឹងអាចទាក់ទងទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីស្នើសុំប្រាក់កម្ចីដើម្បីសាងសង់ផ្ទះថ្មីរបស់ពួកគេជាដើម។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនរួមទាំងអង្គការសមាគមធាងត្នោតផង បានចងក្រង និងស្រាវជ្រាវអំពីការអនុវត្តដែលខ្វះសីលធម៌នៃការផ្តល់កម្ចីដែលធ្វើឡើងដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ ប្រសិនបើកម្ចីទាំងនេះត្រូវបានគេយកទៅសាងសង់ផ្ទះ ប្រជាសហគមន៍ក្រីក្រនឹងប្រឈមបញ្ហាបន្ថែមទៀត។
.jpg)
អេស្កាវ៉ាទ័រកំពុងឈូសឆាយដីសម្រាប់ការផ្លាស់ប្តូរទីតាំង
ក្របខ័ណ្ឌគតិយុត្តិសំខាន់ៗដើម្បីធានាគុណភាពនៃការតាំងទីលំនៅថ្មី
សិទ្ធិទទួលបានលំនៅឋានសមរម្យត្រូវបានធានាដោយបទប្បញ្ញត្តិនៃច្បាប់ជាតិ ក៏ដូចជាច្បាប់អន្តរជាតិផងដែរ។ មាត្រា២៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស បានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបានលំនៅឋាន។ សិទ្ធិនេះត្រូវបានបញ្ជាក់បន្ថែមទៀតនៅក្នុងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលចែងនៅក្នុងមាត្រា ១១ ដោយបានលើកឡើងថា រាជរដ្ឋាភិបាលត្រូវតែ “ចាត់វិធានការសមរម្យ” ដើម្បីធានាថា ប្រជាពលរដ្ឋទទួលបានសិទ្ធនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ទំនាក់ទំនងរវាងការបណ្តេញចេញ ការតាំងទីលំនៅថ្មី និងសិទ្ធិមនុស្សមិនត្រូវបានកំណត់ច្បាស់លាស់នៅក្នុងនេះទេ។
មាត្រា៣១ នៃរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា (ឆ្នាំ១៩៩៣) ទទួលស្គាល់ពីសារៈសំខាន់ក្នុងការគោរពសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសដូចដែលមានចែងក្នុងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ពាក់ព័ន្ធនឹងការបណ្តេញចេញ និងការតាំងទីលំនៅថ្មី មាត្រា ៤៤ នៃរដ្ឋធម្មនុញ្ញបានចែងអំពីកម្មសិទ្ធដីធ្លី ដោយសង្កត់ធ្ងន់ទៅលើកម្មសិទ្ធិដីធ្លី នៅប្រទេសកម្ពុជា ដោយមានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លី។
សារាចរណែនាំស្តីពីការដោះស្រាយនៃការតាំងទីលំនៅបណ្តោះអាសន្នលើដីរបស់រដ្ឋដែលត្រូវបានទន្រ្ទានកាន់កាប់ដោយខុសច្បាប់នៅតាមរាជធានី ទីក្រុង និងទីប្រជុំជន” ដែលត្រូវបានគេស្គាល់ជាទូទៅថា “សារាចរលេខ ០៣” គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងជួយដោះស្រាយវិវាទដីធ្លីក្នុងទីក្រុង។ សារាចរលេខ ០៣ ត្រូវបានចុះហត្ថលេខា ក្នុងឆ្នាំ២០១០ បានលើកឡើងនូវយន្តការដោះស្រាយវិវាទសម្រាប់សហគមន៍ដែលបានកាន់កាប់លើដីសាធារណៈរដ្ឋ និងឯកជនរដ្ឋ ឬដីដែលគ្រប់គ្រងដោយក្រុមហ៊ុនឯកជន និងសម្រាប់អាជ្ញាធរពាក់ព័ន្ធដើម្បីអនុវត្តដោះស្រាយជម្លោះ។
រាជរដ្ឋាភិបាលប្រទេសកម្ពុជាក៏បានដាក់ចេញនូវ "គោលនយោបាយជាតិស្ដីពីលំនៅឋាន" ឆ្នាំ២០១៤។ នេះជាជំហានបន្ទាប់មួយឆ្ពោះទៅរកការសម្រេចបាននូវសិទ្ធិទទួលបានលំនៅឋានសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសម្រាប់ប្រជាពលរដ្ឋក្រីក្រក្នុងទីក្រុង។ គោលនយោបាយនេះទទួលស្គាល់ថាសិទ្ធិទទួលបានលំនៅឋានគឺជាសិទ្ធិមនុស្ស ដោយការគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការសាងសង់ផ្ទះ ការធ្វើឱ្យប្រសើរឡើង និងការផ្តល់ហិរញ្ញប្បទាន។ គោលនយោបាយលំនៅឋាននេះក៍សង្កត់ធ្ងន់លើតម្រូវការសម្រាប់អភិបាលកិច្ចលំនៅឋានល្អ រួមជាមួយនឹងការធ្វើផែនការប្រើប្រាស់ដីធ្លីត្រឹមត្រូវ។
ជាចុងក្រោយ "សេចក្ដីអត្ថាធិប្បាយរបស់អង្គការសហប្រជាជាតិគោលការណ៍ណែនាំស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី" ដែលត្រូវបានចេញផ្សាយដោយការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំប្រទេសកម្ពុជា (OHCHR) បានលើកឡើងអំពីសិទ្ធិរបស់បុគ្គលដែលត្រូវគោរពនៅក្នុងអំឡុងពេលនៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មី។ ទោះបីជាវាមិនមានទម្ងន់ផ្នែកផ្លូច្បាប់ និងមិនដឹងច្បាស់ថាតើអាជ្ញាធណាខ្លះបានដឹងអំពីសេចក្ដីអត្ថាធិប្បាយ និងគោលការណ៍ណែនាំនេះក៍ដោយ ក៍វានៅតែជាឧបករណ៍ដ៍មានសារៈសំខាន់មួយដែលជួយបង្ហាញនូវ គោលការណ៍សំខាន់ៗដែលត្រូវតែអនុវត្តដើម្បីគោរពច្បាប់ និងបទដ្ឋានស្តង់ដារសិទ្ធិមនុស្សក្នុងអំឡុងពេលនៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មី។ សំខាន់ជាងនេះទៅទៀត គោលការណ៍ណែនាំនេះបានចែងថា "រាល់វិធានការតាំងទីលំនៅថ្មី ដូចជាការសាងសង់លំនៅឋាន ការផ្គត់ផ្គង់ទឹក ភ្លើង អនាម័យ សាលារៀន ផ្លូវថ្នល់ និងការបែងចែកដីធ្លី ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សិទ្ធិមនុស្សដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ"។
សេចក្ដីសន្និដ្ឋាន
សិទ្ធមានលំនៅឋានសមរម្យរបស់សហគមន៍ទាំងអស់ដែលរស់នៅតាមបណ្ដោយផ្លូវរថភ្លើង ដែលស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ក្នុងរាជធានីភ្នំពេញ គួរតែត្រូវបានគោរព និងការពារដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត ដីធ្លីដែលអាជ្ញាធរបានផ្តល់ជូនទៅប្រជាសហគមន៍គឺ មិនទាន់ គ្រប់គ្រាន់នៅឡើយទេ។ តម្រូវការចាំបាច់របស់ប្រជាសហគមន៍សម្រាប់ថ្លៃសម្ភារៈក្នុងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាផ្លូវថ្នល់ ការតភ្ជាប់បណ្ដាញអគ្គិសនី និងទឹកស្អាត គួរតែត្រូវបានផ្តល់ដោយអាជ្ញាធរមូលដ្ឋាន។ ដូចដែលបានកើតឡើងកន្លងមក រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានមិនបានបំពេញនូវកាតព្វកិច្ច ផ្នែកច្បាប់របស់ពួកគេក្នុងការផ្តល់សំណងសមរម្យសម្រាប់ប្រជាសហគមន៍ដែលរងនូវផលប៉ះពាល់នោះទេ។ ជាងនេះទៅទៀត គ្រួសារដែលបានតាំងទីលំនៅថ្មីត្រូវបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី និងនៅពេលដែលតម្រូវការមូលដ្ឋានផ្សេងៗទៀតត្រូវបានផ្ដល់ជូន។