វិបត្តិលំនៅឋានសមរម្យនៅរាជធានាភ្នំពេញ៖ ការដោះស្រាយកង្វះលំនៅឋានមានតម្លៃសមរម្យ បង្ហាញពីបរិយាបន្ននៃការអភិវឌ្ឍនៅកម្ពុជា
រាជធានីភ្នំពេញមានការរីកចម្រើនគួរឱ្យកត់សម្គាល់រយៈពេល ១០ឆ្នាំចុងក្រោយនេះ តាំងពីវិស័យសំណង់ សេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បើយើងសង្កេតចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅដល់ខណ្ឌជ្រោយចង្វារ និងចាប់ពីមុខព្រះបរមរាជវាំងចតុមុខមង្គល រហូតដល់ខណ្ឌទួលគោក យើងសង្កេតឃើញមានសំណង់សណ្ឋាគារ និងអគារពាណិជ្ជកម្មខ្ពស់ៗខ្នាតអន្តរជាតិជាច្រើនកំពុងបង្អួតរាងជាមួយសួនច្បារលើអាកាស ដែលគួរឱ្យទាក់ទាញ។
ចំពោះគម្រោងលំនៅឋានធំៗ និងទំនើបៗវិញ ក៏មានច្រើនសម្បូរបែប បើប្រៀបធៀបទៅគម្រោងលំនៅឋានបែបប្រពៃណីរបស់កម្ពុជា។ គម្រោងប៉េងហួតបឹងស្នោរ គម្រោងជីបម៉ុងលែន បុរីអ័រគីដេ ជាដើម គឺសុទ្ធតែជាគម្រោងលំនៅឋានរចនាបថសហសម័យប្រកបដោយប្រណិតភាព តម្លៃខ្ទង់លានដុល្លារ ដែលរំលេចដោយហេដ្ឋារចនាសម្ព័ន្ធបែបសហគមន៍ស៊ីវិល័យ សាលារៀន ផ្សារទំនើប សួនកម្សាន្ត និងសួនច្បារបៃតង។ ទាំងនេះបង្ហាញឱ្យឃើញពីការរីកចម្រើនកម្រិតខ្ពស់នៃវិស័យលំនៅឋាននៅកម្ពុជា ជាពិសេសក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ដោយឡែក តើពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញប៉ុន្មាននាក់ដែលនឹងមានលទ្ធភាពទិញផ្ទះទាំងនោះ?

រូបភាព ៖ អ្នកនេសាទកំពុងរកត្រីនៅមុខទន្លេចតុមុខមង្គល ព្រះបររមរាជវាំង (តំណររូបភាព ៖ LINK)
តើមានច្បាប់ជាតិ និងបទដ្ឋានគតិយុត្តិអ្វីខ្លះលើកកម្ពស់លំនៅឋានមានតម្លៃសមរម្យនៅកម្ពុជា?
ប្រាកដណាស់កម្ពុជាមិនទាន់មានច្បាប់ណាមួយពេញលេញ ដែលទាមទារឱ្យរដ្ឋត្រូវផ្តល់ និងធានាសិទ្ធិទទួលបានលំនៅឋានសមរម្យសម្រាប់ពលរដ្ឋកម្ពុជាឡើយ។ ប៉ុន្តែបើយើងវិភាគឱ្យលម្អិតលើ មាត្រា៣១នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាបានចែងថា ៖ ព្រះរាជាណាចក្រកម្ពុជាត្រូវទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស កតិកាសញ្ញា និងអនុសញ្ញានានាទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ[1]។ ត្រង់ចំណុចនេះ គឺអាចបញ្ជាក់ពីភារកិច្ច និងទំនួលខុសត្រូវរបស់រដ្ឋ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស (UDHR) និងឧបករណ៍សិទ្ធិមនុស្សអន្តរជាតិផ្សេងទៀត បានទទួលស្គាល់សិទ្ធិទទួលបានស្តង់ដាររស់នៅសមរម្យ ដែលជាទូទៅរួមមានសិទ្ធិទទួលបានលំនៅឋានគ្រប់គ្រាន់។ បន្ថែមលើនេះ កម្ពុជាបានផ្តល់សច្ចាប័ន យ៉ាងពេញទំហឹងលើសេចក្តីប្រកាសឧបករណ៍សិទ្ធិមនុស្សអន្តរជាតិនេះផងដែរ។ យោងតាមសេចក្តីសន្និដ្ឋានខាងលើ យើងអាចបញ្ជាក់បានថា មាត្រា៣១នៃរដ្ឋធម្មនុញ្ញជាតិយើង គឺបានធានាយ៉ាងច្បាស់អំពីកាព្វកិច្ចរបស់រដ្ឋ និងសិទ្ធិរបស់ពលរដ្ឋក្នុងការទទួលបានលំនៅឋាន ដែលជាផ្នែកមួយដ៏សំខាន់នៃមនុស្សជាតិ។
កម្ពុជាក៏មានផងដែរនូវ ច្បាប់ភូមិបាល (ឆ្នាំ២០០១)[2] ដែលជាមូលដ្ឋានគ្រឹះនៃច្បាប់សម្រាប់ការគ្រប់គ្រងដីធ្លីកម្មសិទ្ធិ និងការចែកចាយក្នុងប្រទេស។ ច្បាប់នេះ គឺជាផ្នែកមួយ ដើម្បីដោះស្រាយភាពស្មុគស្មាញនៃកម្មសិទ្ធិដីធ្លីបន្ទាប់ពីជម្លោះ និងសង្គ្រាមស៊ីវិលជាច្រើនទសវត្សរ៍។ ជាក់ស្តែង ច្បាប់នេះ បានបង្កើតឱ្យមានក្របខណ្ឌសម្រាប់ការចុះបញ្ជីដីធ្លីជាប្រព័ន្ធ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបង្កើតការកាន់កាប់ដីធ្លីប្រកបដោយភាពស្របច្បាប់ សុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លីដ៏ក្តៅគគុកទូទាំងប្រទេស ចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០១២[3]។
គោលនយោបាយជាតិស្តីពីលំនៅឋាន (២០១៤)[4] និងគោលនយោបាយជាបន្តបន្ទាប់ស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ (២០១៧) តំណាងឱ្យក្របខណ្ឌចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយតម្រូវការកើនឡើងខ្ពស់ និងការទទួលបានលំនៅឋានតម្លៃសមរម្យ និងគ្រប់គ្រាន់ ជាពិសេសនៅក្នុងតំបន់ទីក្រុងដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដូចជារាជធានីភ្នំពេញជាដើម។ គោលនយោបាយនេះ គឺជាក្របខណ្ឌច្បាប់ដំបូងគេរបស់កម្ពុជាផងដែរដែលបានឱ្យនិយមន័យជាផ្លូវការនូវពាក្យថា «លំនៅឋានតម្លៃសមរម្យ»។ បន្ថែមលើចំណុចនេះ វាក៏បានវាយតម្លៃផងដែរ នូវកម្រិតតម្រូវការលំនៅឋាននាពេលអនាគតនៅកម្ពុជា សម្រាប់ក្រុងភ្នំពេញ ដែលត្រូវការផ្ទះចំនួនប្រមាណជា ១,១ លានខ្នងផ្ទះបន្ថែមទៀតគិតត្រឹមឆ្នាំ២០៣០។ ក្នុងនោះផងដែរ ក៏មានការបញ្ជាក់ពីយន្តការពង្រឹងកិច្ចអន្តរាគមន៍របស់រដ្ឋ កិច្ចអន្តរាគមន៍គោលនយោបាយចាំបាច់នានា ជាពិសេសនោះគឺ ការបញ្ជាក់ពីភារកិច្ចរបស់ក្រសួងពាក់ព័ន្ធ និងគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុជាដើម ដើម្បីធានានូវការសម្រេចបានគោលនយោបាយជាតិស្តីពីលំនៅឋានសមរម្យនៅកម្ពុជា។
[1] Cambodia’s Constitution (Article 31 and Article 44) right to housing and land ownership.
[2] Land Law (2001) on Land registration and social land concession for household with financial difficulties
ការស្រាវជ្រាវមួយបានរកឃើញថា គម្រោងគេហដ្ឋាននៅកម្ពុជា គឺមានគម្លាតកាន់តែធំឡើងៗ រវាងការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យ និងតម្រូវការខ្ពស់ របស់ពលរដ្ឋភ្នំពេញ។ ជាក់ស្តែងមានការប៉ាន់ស្មានថា
ពលរដ្ឋភ្នំពេញចន្លោះពី ៦០% ទៅ៧០% គឺមិនមានលទ្ធភាពទិញផ្ទះដែលដាក់លក់ក្នុងតម្លៃទីផ្សារបច្ចុប្បន្នឡើយ[5]។ ទិន្នន័យនេះ បង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង និងទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល វិស័យឯកជន និងគ្រឹះស្ថានធនាគារ។ បន្ថែមលើនេះ កង្វះលទ្ធភាពទិញផ្ទះក្នុងតម្លៃសមរម្យ អាចនឹងនាំឱ្យពលរដ្ឋនៅក្នុងរាជធានីភ្នំពេញមានចំនួនកាន់តែច្រើនជួបបញ្ហាខ្វះផ្ទះរស់នៅ ខណៈពេលដែលតម្រូវការផ្ទះត្រឹមឆ្នាំ២០៣០ (ត្រឹមតែ ៥ឆ្នាំទៀតប៉ុណ្ណោះ) របស់ពលរដ្ឋនៅភ្នំពេញ គឺមានកម្រិតខ្ពស់ណាស់ទៅហើយ។
កង្វះលំនៅឋានតម្លៃសមរម្យក្នុងរាជធានីភ្នំពេញ បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាច្រើន ដែលប៉ះពាល់ដោយប្រយោល និងគួរឱ្យបារម្ភដល់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ ផែនការទីក្រុង និងស្ថិរភាពសង្គម។ បញ្ហាទាំងនេះ អាចមានស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងៗ ដោយការអភិវឌ្ឍទីក្រុងយ៉ាងឆាប់រហ័ស ដែលទីផ្សារអចលនទ្រព្យផ្តោតជាចម្បងដល់គម្រោងអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់។ បន្ថែមលើនេះទៀត ការកង្វះលំនៅឋានដែលមានតម្លៃសមរម្យនឹងក្លាយជាកត្តាចម្បង ដែលនាំឱ្យមានការកើនឡើងនៃចំនួននៃការតាំងទីលំនៅ នៅតំបន់មិនទាន់រៀបរយ និងអាចមានប្រជាពលរដ្ឋមួយចំនួនទៀត បង្ខំចិត្តទិញលំនៅឋាន ឬដីដែលមានតម្លៃថោកហើយគ្មានឯកសារបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់នោះទេ ទាំងនេះជាការចូលរួមចំណែកនៃការខ្វះនូវលំនៅឋានដែលមានតម្លៃសមរម្យ និងចំណេះដឹងរបស់ប្រជាពលរដ្ឋទាក់ទងនឹងច្បាប់នានាដែលបញ្ជាក់ពីភាពស្របច្បាប់នៃអចលទ្រព្យមានកម្រិតផងដែរ។ តំបន់ទាំងនេះជាធម្មតាខ្វះសេវាមូលដ្ឋានដូចជាទឹកស្អាត សេវាអនាម័យ ប្រព័ន្ធលូរ និងអគ្គិសនីត្រឹមត្រូវ ដែលនាំឱ្យជីវភាពរបស់ពួកគេកាន់តែពិបាក[6]។
ក្នុងស្ថានភាពនៃការកើនឡើងនៃការតាំងទីលំនៅតាមតំបន់មិនរៀបរយ គឺច្បាស់ណាស់នឹងនាំឱ្យមានការបណ្តេញចេញដោយបង្ខំ ដែលយើងឃើញកើតមានជារើយៗនៅក្នុងរាជធានីភ្នំពេញកន្លងមក។ ជាការពិតណាស់ នៅពេលដែលទីក្រុងមានការអភិវឌ្ឍ តម្លៃដីនឹងកើនឡើងជាលំដាប់ ការតាំងទីលំនៅក្រៅផ្លូវការ និងសូម្បីតែសហគមន៍ផ្លូវការមួយចំនួនក្លាយជាគោលដៅសម្រាប់ការបណ្តេញចេញ ដើម្បីបើកផ្លូវឱ្យគម្រោងថ្មីៗធ្វើការអភិវឌ្ឍក្រុង។ ស្ថានភាពនេះ យើងបានឃើញជាក់ស្តែងចំពោះពលរដ្ឋនៅសហគមន៍សាមគ្គីរុងរឿងក្បែរបឹងត្របែក[7] និងពលរដ្ឋក្នុងសហគមន៍បឹងតាមោក[8] ជាដើម។ ការបណ្តេញចេញនេះធ្វើឱ្យគ្រួសារដែលងាយរងគ្រោះ ជារឿយៗមិនទទួលបានសំណងសមរម្យ ឬជម្រើសផ្លាស់ទីលំនៅឡើយ។ កត្តានេះបានបន្តរុញច្រានពួកគេបន្ថែមទៀតទៅកាន់ជាយក្រុង ឬធ្លាក់ចូលទៅក្នុងស្ថានភាពមិនច្បាស់លាស់បន្ថែមទៀត[9] ពិសេស គឺសន្តិសុខប្រាក់ចំណូល និងឱកាសអប់រំសម្រាប់កូនៗ។
បញ្ហាសុខភាព និងអនាម័យ ក៏ជារឿងដ៏គួរឱ្យព្រួយបារម្ភចម្បងផងដែរ។ ជាក់ស្តែងភាពចង្អៀតណែនតាន់តាប់ អនាម័យមិនល្អ និងកង្វះទឹកស្អាត ក្នុងការតាំងទីលំនៅក្រៅផ្លូវការ នឹងធ្វើឱ្យមានការរីករាលដាលនៃជំងឺ បង្កើតឱ្យមានសុខភាពមិនល្អក្នុងសហគមន៍ និងការកើនឡើងនៃភាពងាយរងគ្រោះ ជាពិសេសចំពោះស្ត្រី ក្មេងស្រី និងកុមារ។ បន្ថែមលើនេះទៀត កុមារមកពីសហគមន៍ដែលផ្លាស់ទីលំនៅ ឬសហគមន៍ក្រៅផ្លូវការ
(ឧ.ទា កុមារនៅសហគមន៍បឹងកក់ ដីក្រហម និងសំបុកចាប-ល-។) ជារឿយៗប្រឈមនឹងការរំខានដល់ការសិក្សារបស់ពួកគេ ឬឱកាសខ្ពស់នៃការបោះបង់ការសិក្សាតែម្តង[10]។
កត្តានេះ គឺកើតចេញពីការផ្លាស់ទីលំនៅ ចម្ងាយទៅសាលារៀនថ្មី ឬបញ្ហាហិរញ្ញវត្ថុសម្រាប់គ្រួសារ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះ គឺវិបត្តិលំនៅឋាននឹងធ្វើឱ្យសង្គមកម្ពុជាយើង កាន់តែបែកបាក់ កាន់តែមានការបែងចែកវណ្ណៈរវាងអ្នកមាននិងអ្នកក្រ ដែលនាំទៅដល់ការបែងចែក និងការរុញច្រាន ក្រុមអ្នកមានចំណូលទាបទៅជាយក្រុង ដាច់ឆ្ងាយពីឱកាសការងារ សេវានានារបស់រដ្ឋ និងទីកន្លែងកម្សាន្តសាធារណៈជាដើម។ ប្រាកដណាស់យើងអាចសង្កេតឃើញពីឧទាហរណ៍ជាក់ស្តែង រវាងកូនអ្នកនៅក្រុងទីក្រុង ដែលរត់លេងប្រកបដោយសុវត្ថិភាពលើសួនច្បារមុខវិមានឯករាជ្យ និងព្រះបរមរាជវាំង។ រីឯក្មេងៗរស់នៅជាយក្រុង ពួកគេរត់លេងលើចិញ្ចើមផ្លូវ និងដងផ្លូវ ប្រឈមគ្រោះថ្នាក់ជាមួយម៉ូតូឡាន ត្បិតពួកគេរស់នៅឆ្ងាយពីសេវា និងសួនច្បារសាធារណៈ។
និស្សិតផ្នែកសំណង់ស៊ីវិល និងស្ថាបត្យកម្ម នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងទាំងក្តីបារម្ភ និងសុទិដ្ឋិនិយមថា ៖ “ខ្ញុំមានការបារម្ភដែរ ពីលទ្ធភាពក្នុងការទិញផ្ទះបច្ចុប្បន្ន។ តម្លៃផ្ទះទាបបំផុត គឺប្រមាណជា ៦ម៉ឺនដុល្លារ។ តម្លៃនេះខ្ពស់មែនទែន បើប្រៀបធៀបជាមួយប្រាក់ចំណូលដែលខ្ញុំ និងក្រុមគ្រួសារអាចរកបាន។ ដោយយុវជនបច្ចុប្បន្ន រួមទាំងខ្ញុំផង មិនចង់រស់នៅផ្ទះរួមជាមួយគ្រួសារ យើងចង់មានផ្ទះផ្ទាល់ខ្លួនពេលរៀបការហើយ”។ ពេលសួរនាំពីផែនការទិញផ្ទះខ្លួនឯង ថានៅម្តុំណា យុវជនខាងលើគិតបន្តិច រួចក៏ឆ្លើយថា ៖ “ប្រហែលជានៅជាយក្រុងឆ្ងាយហើយ។ ខ្ញុំគិតថាទំរាំខ្ញុំមានលុយទិញផ្ទះ ប្រហែលជាត្រូវទិញនៅជាយក្រុង និងឆ្ងាយពីកន្លែងការងារ ត្បិតផ្ទះក្នុងក្រុង គឺមានតម្លៃថ្លៃ ដែលខ្ញុំមិនមានលទ្ធភាពឡើយ។ សូម្បីតែបន្ទប់ជួលក្នុងក្រុង ក៏មានតម្លៃថ្លៃដែរបច្ចុប្បន្ននេះ។ ខ្ញុំសង្ឃឹមថានៅទីនោះ យើងមិនជួបបញ្ហាដាច់ភ្លើង និងដាច់ទឹកញឹកញ៉ាប់ឡើយ”។ គាត់ឆ្លើយតបជាមួយស្នាមញញឹម។
ក្នុងបទសម្ភាសដែលចុះផ្សាយដោយសារព័ត៌មាន ខ្មែរថាម (Khmer Times) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ៖ “ប្រសិនបើដៃគូយុទ្ធសាស្ត្របី ឬបួនជួយគ្នាទៅវិញទៅមក និងសហការគ្នាបង្កើតគោលនយោបាយ នោះយើងអាចអនុវត្តការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់មានផ្ទះសមរម្យ”
ក្នុងបទសម្ភាសដែលចុះផ្សាយដោយសារព័ត៌មាន ខ្មែរថាម (Khmer Times) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ៖ “ប្រសិនបើដៃគូយុទ្ធសាស្ត្របី ឬបួនជួយគ្នាទៅវិញទៅមក និងសហការគ្នាបង្កើតគោលនយោបាយ នោះយើងអាចអនុវត្តការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីធានាថាប្រជាជនកម្ពុជាទាំងអស់មានផ្ទះសមរម្យ”[11]។ឧបនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ៖ “ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បង្ហាញពីឱកាសទីផ្សារដ៏សំខាន់មួយ ដែលអ្នកអភិវឌ្ឍន៍គួរតែផ្តោតយកចិត្តទុកដាក់ ដោយសារតម្រូវការមានច្រើន”[12]។
ការមានលំនៅឋានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញនឹងនាំមកនូវអត្ថប្រយោជន៍សង្គម និងសេដ្ឋកិច្ចសំខាន់ៗយ៉ាងច្រើនដែលជំរុញបរិយាកាសទីក្រុងប្រកបដោយសមធម៌ ផលិតភាព និងស្ថិរភាព។ ជាក់ស្តែងការមានលំនៅឋានតម្លៃសមរម្យ គឺនាំមកនូវកត្តាសុខភាពសាធារណៈកាន់តែល្អប្រសើរ។ ការទទួលបានលំនៅឋានគ្រប់គ្រាន់ជាមួយនឹងអនាម័យត្រឹមត្រូវ ទឹកស្អាត និងខ្យល់ចេញចូលដោយផ្ទាល់នឹងនាំឱ្យសុខភាពសាធារណៈល្អប្រសើរឡើង កាត់បន្ថយអត្រាកើតជំងឺឆ្លង និងកាត់បន្ថយបញ្ហាប្រឈមសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។ ក្នុងលក្ខខណ្ឌនេះ រដ្ឋគឺរក្សាបាននូវកញ្ចប់ថវិកាជាតិ និងប្រាក់សារពើពន្ធ សម្រាប់វិនិយោគលើវិស័យអាទិភាពផ្សេងទៀត។

បន្ថែមលើនេះទៀត ការមានលំនៅឋានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញនឹងនាំមកនូវឱកាសអប់រំដែលប្រសើរឡើង និងប្រកបដោយបរិយាបន្ន។ លំនៅឋានមានស្ថិរភាពមានន័យថាកុមារ និងសិស្សានុសិស្សមិនសូវត្រូវបានផ្លាស់ប្តូទីលំនៅ មានអត្រាអវត្តមានតិចជាងមុន និងអាចចូលរៀននៅសាលាក្នុងក្រុងបានជាប់លាប់ និងមានបរិយាកាសអំណោយផលសម្រាប់ការសិក្សានៅផ្ទះ ការសិក្សាបែបសហគមន៍។ កត្តានេះ ធ្វើឱ្យក្មេងៗ និងសិស្សានុសិស្សអាចចូលរួមសិក្សាពេញលេញជាមួយគ្រូ និងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសម្បូរបែប ដែលជាកត្តាសំខាន់ ក្នុងការកសាង និងពង្រឹងសមត្ថភាពធនធានមនុស្ស និងកម្លាំងពលកម្មជំនាញរបស់កម្ពុជា សម្រាប់ការប្រកួតប្រជែង កម្រិតតំបន់។
ការមានលំនៅឋានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញ ក៏នឹងជួយកាត់បន្ថយគម្លាតសង្គម និងបង្កើនស្ថិរភាពសហគមន៍ផងដែរ។ ជាក់ស្តែងលំនៅឋានតម្លៃសមរម្យជួយកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ នៅក្នុងទីក្រុងភ្នំពេញ ដោយលើកកម្ពស់សង្គមទីក្រុងដែលមានបរិយាបន្ន។ បន្ថែមលើនេះទៀត ការកាន់កាប់លំនៅឋានប្រកបដោយសុវត្ថិភាព (តាមរយៈគោលនយោបាយលំនៅឋានតម្លៃសមរម្យ) កាត់បន្ថយការបណ្តេញចេញដោយបង្ខំ និងខុសច្បាប់។ ទាំងនេះ អនុញ្ញាតឱ្យពលរដ្ឋរស់នៅក្នុងភ្នំពេញ បង្កើតសហគមន៍ និងបណ្តាញសង្គមកាន់តែរឹងមាំ។ ទោះពលរដ្ឋរស់នៅផ្ទះល្វែង ឬក្នុងសំណង់បុរីទំនើបៗ ក៏អាចរស់នៅដោយមានចក្ខុវិស័យ និងក្តីស្រមៃរួមគ្នាមួយ ដោយមិនបារម្ភពីឋានៈក្នុងសង្គមទំហំប្រាក់ចំណូលឬទីតាំងលំនៅឋានរបស់ពួកគេ។

លំនៅឋានតម្លៃសមរម្យក្នុងទីក្រុងភ្នំពេញ ក៏មានសារៈប្រយោជន៍ផងដែរសម្រាប់កំណើនសេដ្ឋកិច្ច និងកម្លាំងពលកម្មជាតិ។ ពលរដ្ឋ និងកម្មករនិយោជិតដែលរស់នៅក្នុងផ្ទះដែលមានតម្លៃសមរម្យនៅជិតមជ្ឈមណ្ឌលការងារ ច្បាស់ជាចំណាយពេលវេលា និងប្រាក់កាសក្នុងចំនួនតិចជាងមុន ក្នុងការធ្វើដំណើរ ដែលនាំឱ្យបង្កើនផលិតភាពខ្ពស់ និងបង្កើនប្រាក់ចំណូលសម្រាប់ក្រុមគ្រួសារ និងការវិនិយោគសម្រាប់ចូលនិវត្តន៍។ តម្លៃលំនៅឋានសមរម្យ កាត់បន្ថយសម្ពាធហិរញ្ញវត្ថុ និងអនុញ្ញាតឱ្យពលរដ្ឋក្នុងក្រុងភ្នំពេញ ប្រើប្រាស់សាច់ប្រាក់ចំណាយ បង្កើនផលិតផល ដូចជាការទិញទំនិញ បង្កើនគុណភាពអាហាររូបត្ថម្ភ ដែលនឹងជួយជំរុញអាជីវកម្ម និងពាណិជ្ជកម្មក្នុងស្រុក។ បន្ថែមលើនេះទៀត គោលនយោបាយលំនៅឋានមានតម្លៃសមរម្យនឹងជួយបង្កើតការងារក្នុងវិស័យ សំណង់យ៉ាងច្រើនដែលជួយជំរុញសកម្មភាព និងកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែង។ ក្នុងន័យនេះ កម្ពុជាអាចធ្វើចម្រុះភាពនៃសេដ្ឋកិច្ចរបស់ខ្លួន ដែលកាត់បន្ថយហានិភ័យលើការពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្មនិងកាត់ដេរ។

ការវិនិយោគ និងធានានូវលទ្ធភាពទទួលបានលំនៅឋានតម្លៃសមរម្យក្នុងរាជធានីភ្នំពេញ មិនមែនគ្រាន់តែជាវិធានការចំបាច់ និងចម្បងតែប៉ុណ្ណោះទេ។ វាគឺជាការវិនិយោគ រយៈពេលវែង និងជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ និងមិនអាចខ្វះបានរបស់កម្ពុជាទទួលបាននូវភាពធន និងបរិយាបន្ននោះ រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធ និងវិស័យ
ឯកជនគួរពិចារណាលើចំណុចសំខាន់ៗដូចជា៖
អនុសាសន៍ទី១៖ ពង្រឹងតួនាទីរបស់គ្រឹះស្ថានផ្តល់ហិរញ្ញប្បទាន ដើម្បីផ្តល់ប្រាក់កម្ចីទិញផ្ទះរយៈពេលវែងជាមួយអាត្រាការប្រាក់ត្រឹមត្រូវស្របតាមច្បាប់កំណត់ ដែលអាចសម្រួលដល់គ្រួសារដែលមានចំណូលទាបក្នុងទីក្រុងអាចទទួលយកបាន។ ប៉ុន្តែរដ្ឋត្រូវតាមដាន និងដាក់ចេញយន្តការធានា ការយល់ដឹងនៃអំពីហានិភ័យក្នុងចំណោមអ្នកខ្លី និងផ្តល់ជូនភាពបន់បែនដល់អ្នកមានបំណងខ្ចីថវិកាទិញលំនៅឋានសមរម្យ។
អនុសាសន៍ទី២៖ ផ្តល់អាទិភាពដល់សិទ្ធិកាន់កាប់ដីធ្លី តាមរយៈការពន្លឿន និងធានានូវដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រកបដោយតម្លាភាព សម្រាប់សហគមន៍ក្រីក្រដែលមានស្រាប់ដែលកំពុងប្រឈមនឹងការបណ្តេញចេញ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍គួរតែផ្តល់អាទិភាពដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន (ទឹក អនាម័យ អគ្គិសនី ផ្លូវថ្នល់) នៅតាមសហគមន៍ក្រីក្រ និងទីតាំងលំនៅឋាននៅតំបន់មិនទាន់រៀបរយមួយចំនួន ដើម្បីធានាបាននូវលក្ខខណ្ឌដែលអាចរស់នៅបានរបស់ពលរដ្ឋ។
អនុសាសន៍ទី៣៖ រដ្ឋគួរមានកញ្ចប់ថវិកា ឬសហការជាមួយនឹងជាមួយនឹងវិស័យឯកជន ឬក៏ប្រភពហិរញ្ញវត្ថុឯកជនដើម្បីសាងសង់លំនៅឋានសមរម្យលក់ ឬជួលជូនប្រជាពលរដ្ឋដែលមានចំណូលទាបនិងចំណូលមធ្យមក្នុងតម្លៃមួយទាប រយៈពេលវែង ការប្រាក់ទាប និងមិនមានលក្ខខណ្ឌច្រើននៅក្នុងការធានា។ លំនៅឋាននោះត្រូវតែមានភាពរឹងមាំ ស្តង់ដា ដូចលំនៅឋានទូទៅផ្សេងទៀតដែរ។
