បំលែងពីបញ្ហាប្រឈមទៅជាដំណោះស្រាយ៖  សហគមន៍វាលស្បូវទទួលបានការលើកលែងបំណុលសំរាម

29 កក្កដា 2025, 00:00 152 ការមើល
បំលែងពីបញ្ហាប្រឈមទៅជាដំណោះស្រាយ៖  សហគមន៍វាលស្បូវទទួលបានការលើកលែងបំណុលសំរាម

នៅចំណុចកណ្តាលនៃភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅនៃរាជធានីភ្នំពេញ មានផ្ទះរបស់ប្រជាពលរដ្ឋ៩១គ្រួសារដែលស្មើនឹងចំនួន ៤០៥នាក់ មានស្រ្តី២១០នាក់បានកំពុងប្រឈមនឹងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនចាប់តាំងពីឆ្នាំ២០០៩។ បញ្ហាទាំងនេះ បានបន្តកើតឡើងរួមមានដូចជា ទឹកជំនន់ ការលំបាកផ្នែកសេដ្ឋកិច្ច និងបញ្ហាចម្បងមួយដែលធ្វើឱ្យសហគមន៍មានភាពធន់៖ ការជំពាក់បំណុលសំរាមដែលក្នុងមួយគ្រួសារចន្លោះពី៣០ម៉ឺនរៀល ទៅ៤០ម៉ឺនរៀលកាន់តែមានបន្ទុកធ្ងន់ធ្ងរទៅៗដោយសារពួកគេមិនមានលទ្ធភាពបង់ថ្លៃសេវាប្រមូលសំរាម។ សម្រាប់រយៈពេលជាច្រើនឆ្នាំមកនេះ គ្រួសារជាច្រើនបានជួបគាំងក្នុងការទូទាត់ថ្លៃសេវាប្រមូលសំរាមដែលតម្រូវឱ្យបង់ថ្លៃសេវា ១ម៉ឺនរៀលសម្រាប់មួយខ្នងផ្ទះក្នុងមួយខែ កត្តានេះបាន

រូបភាពទី១៖ ប្រជាសហគមន៍វាលស្បូវលើកឡើងពីបញ្ហារបស់គាត់ក្នុងវេទិកា


ក្នុងឆ្នាំ២០២៤ អង្គការសមាគមធាងត្នោតបានផ្តល់ការគាំទ្រដល់សហគមន៍ក្រីក្រ តាមរយៈការសិក្សាស្រាវជ្រាវលម្អិតមួយស្តីពីការគ្រប់គ្រងសំណល់រឹង រាជធានីភ្នំពេញឆ្នាំ២០២៤ ។ ការស្រាវជ្រាវនេះ បានជ្រើសរើសខណ្ឌចំនួន៦ និងភូមិចំនួន១៥ នៅក្នុងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមផ្តល់បទសម្ភាសចំនួនជាង២០០នាក់ របាយការណ៍ស្រាវជ្រាវបានរកឃើញបញ្ហាជាប់គាំងរបស់ប្រជាសហគមន៍វាលស្បូវដែលបានបង្ហាញអំពីការព្រួយបារម្ភ មិនមានលទ្ធភាពបង់ថ្លៃសេវាប្រមូលសំរាម និងការទូទាត់បំណុលសំរាមជាច្រើនរបស់ពួកគេ។ សម្រាប់សហគមន៍មួយនេះ កំពុងមានភាពតានតឹងផ្នែកហិរញ្ញវត្ថុដោយប្រជាពលរដ្ឋ ៣៦ភាគរយជាអ្នកប្រមូលសំរាម ២៣ភាគរយជាកម្មកររោងចក្រ និងមួយចំនួនផ្សេងទៀត ភាគច្រើនពឹងផ្អែកលើការងារដែលមានប្រាក់ចំណូលទាប ដូចជាការបើកបររ៉ឺម៉ក ឬអាជីវកម្មខ្នាតតូច ដូចនេះបញ្ហាបំណុលធ្ងន់ធ្ងរ និងមានចំនួនច្រើនលើសលប់សម្រាប់ពួកគេណាស់។


    ដោយមើលឃើញពីបញ្ហាប្រឈមរបស់សហគមន៍វាលស្បូវ វេទិកាសហគមន៍មួយត្រូវបានរៀបចំឡើងនាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដោយបានពិភាក្សាលើប្រធានបទ បំណុលសំរាមក្នុងសហគមន៍វាលស្បូវ ដែលមានអ្នកចូលរួមចំនួន ៦៥នាក់ ក្នុងនោះមានស្រ្ដីចំនួន៥០នាក់ និងវត្តមានតំណាងនៃអង្គការសមាគមធាងត្នោត អភិបាលរងខណ្ឌច្បារអំពៅ សហគ្រាសគ្រប់គ្រងសំណល់រឹង ទីប្រជុំជនរាជធានីភ្នំពេញ និងក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ផងដែរ។ សហគមន៍បានស្នើសុំច្បាស់លាស់ពីរចំណុច៖ ការលុបចោលបំណុល ដែលបានកត់ត្រាជាបំណុលតាំងពីដើមឆ្នាំ២០២១ និងការបញ្ចុះថ្លៃសេវាប្រមូលសំរាមប្រចាំខែចំនួន១ម៉ឺនរៀល ដែលគ្រួសារជាច្រើនខ្នងផ្ទះមិនមានលទ្ធភាពទូទាត់។ ពួកគេក៏បានស្នើសុំឱ្យក្រុមហ៊ុនផ្តល់សេវាប្រមូលសំរាមផ្តល់នូវគោលការណ៍ណែនាំច្បាស់លាស់ស្តីពីរបៀបគ្រប់គ្រងសំរាម សំណល់រឹង និងការបង់ថ្លៃសេវាប្រមូលសំរាមប្រចាំខែនៅពេលខាងមុខ។    ជាលទ្ធផលនៃវេទិកាជជែកពិភាក្សាមួយនេះ តំណាងសហគ្រាសគ្រប់គ្រងសំណល់រឹង ទីប្រជុំជនរាជធានីភ្នំពេញបានសន្យាដោះស្រាយបញ្ហាបំណុលសំរាមជូនសហគមន៍ ដោយសហគមន៍ត្រូវធ្វើលិខិតស្នើសុំលើកលែងបំណុល ឬលុបបំណុលដែលបានជំពាក់ទៅកាន់សហគ្រាសគ្រប់គ្រងសំណល់រឹង ទីប្រជុំជនរាជធានីភ្នំពេញដោយផ្ទាល់។ ការអន្តរាគមន៍ភ្លាមៗរបស់អង្គការសមាគមធាងត្នោត ដូចជាការបណ្តុះបណ្តាលស្តីពីច្បាប់ដីធ្លី សិក្ខាសាលាតស៊ូមតិ និងការអភិវឌ្ឍជំនាញផ្នែកបច្ចេកវិទ្យាដល់សហគមន៍ បានបង្ហាញពីការផ្លាស់ប្តូរវិជ្ជមានជាច្រើន ដោយសមាជិកសហគមន៍បានបង្ហាញសមត្ថភាពតាមរយៈការលើកឡើងនូវទុក្ខកង្វល់ ឬបញ្ហាកំពុងប្រឈមនៅក្នុងវេទិកាជជែកពិភាក្សា ដើម្បីស្វែងរកកិច្ចសហការពីភាគីពាក់ព័ន្ធដោះស្រាយបញ្ហាបំណុលសំរាមរបស់សហគមន៍។

 រូបភាពទី២៖ ចៅសង្កាត់រងមានមតិចំណាប់អារម្មណ៍ក្នុងវេទិកា

អ្នកស្រី ឈី អីប បានលើកឡើងថា"...ឯកឧត្ដមខាងសហគ្រាសគ្រប់គ្រងសំណល់រឹង បានសន្យាថាគាត់និងទទួលយកបញ្ហាសហគមន៍ ហើយគាត់នឹងផ្តល់ដំណោះស្រាយដល់ពួកយើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន…"

តំណាងសហគ្រាសគ្រប់គ្រងសំណាល់រឹង ទីប្រជុំជនរាជធានីភ្នំពេញបានប្រាប់ពីនិតិវិធីក្នុងការរៀបចំលិខិតស្នើសុំលុបបំណុលសំរាមដល់តំណាងសហគមន៍។ នីតិវិធីដាក់លិខិតស្នើសុំនេះតម្រូវឱ្យភ្ជាប់ជាមួយឯកសារមួយចំនួនដូចជា វិក័យបត្រភ្លើង អត្ដសញ្ញាណប័ណ្ណ និងលិខិតស្នើសុំលុបបំណុល និងបន្ធូរបន្ថយថ្លៃសេវាប្រមូលសំរាមប្រចាំខែ មុនដាក់ទៅជូនការិយាល័យសហគ្រាសគ្រប់គ្រងសំណលរឹង ទីប្រជុំជនរាជធានីភ្នំពេញ។ការឆ្លើយតប និងការផ្តល់នូវគោលការណ៍ណែនាំរបស់ភាគីពាក់ព័ន្ធបានបង្ហាញពីឆន្ទះ ផ្តល់នូវដំណោះស្រាយសមស្របមួយជូនដល់សហគមន៍។ វេទិកានេះ មិនត្រឹមតែបង្ហាញពីការលើកឡើងនូវទុក្ខកង្វល់របស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងបានបង្ហាញពីការកើនឡើងនូវសមត្ថភាពស្វែងរកមតិគាំទ្ររបស់សហគមន៍វាលស្បូវ ក្រោយពីទទួលបានការបណ្តុះបណ្តាល និងសិក្ខាសាលាផ្សេងៗដែលគាំទ្រដោយអង្គការសមាគមធាងធ្នោតផងដែរ។


សហគមន៍វាលស្បូវបានជ្រើសរើសជាសហគមន៍គោលដៅ និងទទួលកិច្ចអន្ដរាគមន៍ពីអង្គការសមាគមធាងធ្នោតចាប់តាំពីឆ្នាំ២០២២មកម្ល៉េះ ដែលទទួលបានការដំឡើងភ្លើងបំភ្លឺផ្លូវចំនួន១៥ដើម ប្រព័ន្ធលូទឹក ៩៣ម៉ែត្រ និងស្ពានទំហំ១៥ម៉ែត្រ និងផ្តល់វគ្គបណ្ដុះបណ្តាលផ្នែកច្បាប់ភូមិបាល សិទ្ធិមនុស្ស ការស្វែងរកមតិគាំទ្រ ការគ្រប់គ្រងសំណល់ជាដើម។

រូបភាពទី៣ សមាជិកសហគមន៍វាលស្បូវលើកឡើងមតិយោបល់

វេទិកាដ៏មានសារៈសំខាន់នេះ និងឈានទៅរកការដោះស្រាយបំណុលរបស់សហគមន៍វាលស្បូវ។ តាមរយៈការបង្កើតឱ្យមានកិច្ចសន្ទនារវាងសហគមន៍ និងអាជ្ញាធរ។ អង្គការសមាគមធាងធ្នោតបានជួយសម្រួលបញ្ហាជាប់គាំង ដែលជាប្រភពនៃភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់សហគមន៍ទៅជាឱកាស សម្រាប់កិច្ចសហការ និងការផ្លាស់ប្តូរនានា។ 

 

ចែករំលែក: