រឿងរ៉ាវរបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង

រឿងរ៉ាវរបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង

ខ្ញុំឈ្មោះ ឈាន​ លីហ្សា សព្វថ្ងៃជានិស្សិតឆ្នាំទី៣ មុខជំនាញ ទំនាក់ទំនងអន្តរជាតិ។ មូលហេតុដែលខ្ញុំជ្រើសយកជំនាញមួយនេះ ព្រោះទំនាក់ទំនងអន្តរជាតិ​ គឺជាមុខជំនាញដែលទូលាយ​ សិក្សាច្រើនទៅលើផ្នែកធំៗ ដែលខ្ញុំគិតថាខ្ញុំអាចស្វែងយល់បានច្រើនអំពីបញ្ហាអន្តរជាតិ កាទូត និងការជួយសហគមន៍។​​ ម៉្យាងវិញទៀត ខ្ញុំមានគោលបំណងចង់ក្លាយជាផ្នែកមួយចូលរួមក្នុងការអភិវឌ្ឍប្រកបដោយចីរភា ការពារសិទិ្ធមនុស្ស និង​ការផ្លាស់ប្តូរសង្គមឱ្យមានភាពល្អប្រសើរ។​ ខ្ញុំជាមនុស្សម្នាក់ដែលចូលចិត្តធ្វើការងារសង្គម និង​រៀនពីអ្វីផ្សេងៗទៀតនៅពេលទំនេរ។​ នៅក្នុងខែតុលា ឆ្នាំ២០២៤ ខ្ញុំបានចូលរួមសិក្ខាសាលាមួយអំពី​ ការវិនិយោគផ្ទាល់ពីបរទេស និងបញ្ហាជីវភាពរស់នៅរបស់សហគមន៍ក្រីក្រនៅទីក្រុង។​ មូលហេតុដែលខ្ញុំសម្រចចិត្តចុះឈ្មោះចូលរួមក្នុងសិក្ខាសាលាមួយនេះដោយសារតែខ្ញុំមិនធ្លាប់លឺពីការវិនិយោគទន់ដោយផ្ទាល់ពីបរទេសនិងបញ្ហាជីវភាពរស់នៅរបស់សហគមន៍ក្រីក្រនៅទីក្រុងនោះទេ ហើយខ្ញុំចង់សិក្សាស្វែងយល់ពីវា។ អ្វីដែលធ្វើឱ្យខ្ញុំប្លែកចិត្តអំឡុងពេលសិក្ខាសាលា នោះគឺការលើកឡើងអំពីអង្គការសមាគមន៍ធាងត្នោត ដែលវាជាលើកដំបូងសម្រាប់ខ្ញុំបានលឺពីអង្គការមួយនេះ។ កាលនោះខ្ញុំមិនបានដឹងពីអង្គការសមាគមធាងត្នោតច្បាស់ទេ ដឹងត្រឹមតែអង្គការធ្វើការជាមួយសហគមន៍និងជួយសហគមន៍តែប៉ុណ្ណោះ។​ មួយវិញទៀត ពេលនោះ​ ខ្ញុំបានត្រឹមតែយល់ថាអ្វីជាសហគមន៍ក្រីក្រ  ប៉ុន្តែមិនបានដឹងពីបញ្ហានិងការជួបប្រទះរបស់សហគមន៍ស៊ីជម្រៅនោះទេ។

បន្ទាប់ពីបានចូលរួមសិក្ខាសាលានោះមក ខ្ញុំគិតចង់ដឹងបន្ថែមពីសហគមន៍ក្រីក្រនៅទីក្រុងរហូតដល់ថ្ងៃមួយខ្ញុំបានជាប់ឈ្មោះធ្វើជាយុវជនស្ម័គ្រចិត្តក្នុងកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងដែលជាកម្មវិធីមួយរបស់អង្គការសមាគមធាងត្នោត។ បន្ទាប់ពីក្លាយជាយុវទូតស្ម័គ្រចិត្តក្នុងកម្មវិធីមក ខ្ញុំក៏បានយល់បន្ថែមពីការងាររបស់អង្គការសមាគមធាងត្នោតដែលភាគច្រើនធ្វើការទាក់ទងជាមួយសហគមន៍ក្រីក្រនិងងាយរងគ្រោះ។ កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងបានផ្ដល់ឱកាសឱ្យខ្ញុំធ្វើការងារជាក្រុម និងចុះទៅបង្រៀនសហគមន៍នៅក្នុងទីក្រុងភ្នំពេញដោយផ្ទាល់។ នៅពេលនោះក្រុមរបស់ខ្ញុំបានចុះទៅសហគមន៍ស្ត្រីក្លាហានដើម្បីពន្យល់សហគមន៍ទាក់ទងនឹងប្រធានបទផ្លាស្ទិច និងមានសកម្មភាពសំអាតសហគមន៍ដោយមានការរើសសំរាមជុំគ្នា។​ ក្នុងនោះក៏មានការចែករំលែកពីតំណាងសហគមន៍ផងដែរគាត់បានរៀបរាប់យ៉ាងក្បោះក្បាពីបញ្ហាប្រឈមនៅក្នុងសហគមន៍។

 ខ្ញុំបានសង្កេត និងរៀនច្រើនពីតំណាងសហគមន៍ ទោះជាគាត់មិនមានចំណេះដឹងជ្រៅជ្រះប៉ុន្តែគាត់មានការតាំងចិត្តក្នុងការជួយដោះស្រាយបញ្ហាជាមួយសមាជិកសហគមន៍ទាំងអស់គ្នា។ ការធ្វើការងារស្ម័គ្រចិត្តជាក្រុមក្នុងការចុះទៅបង្រៀនសហគមន៍បែបនេះធ្វើឱ្យខ្ញុំយល់ពីសហគមន៍បានយ៉ាងច្រើនហើយបន្ថែមពីនេះទៀត ខ្ញុំបានយល់ច្បាស់ពីការធ្វើការជាក្រុមអាចធ្វើឱ្យខ្ញុំមានគំនិតក្នុងការដឹកនាំយុវជនដូចគ្នាចុះទៅធ្វើយុទ្ធនាការអ្វីមួយ ធ្វើឱ្យខ្ញុំក្លាហានហើយមានភាពជាអ្នកដឹកនាំជាងមុន នឹងធ្វើឱ្យខ្ញុំមានការគិតបែបស៊ីជម្រៅជាងមុន។ លើសពីនេះខ្ញុំអាចស្គាល់មនុស្សថ្មីៗ នឹងទទួលបានបទពិសោធន៍ថ្មីពីការចុះទៅសហគមន៍ និងរៀនពីយុវជនដែលជាយុវជនស្ម័គ្រចិត្តដូចគ្នា។

ខ្ញុំតែងតែចែករំលែកអ្វីដែលខ្ញុំបានដឹងពីសហគមន៍ទៅកាន់មិត្តរបស់ខ្ញុំឱ្យពួកគាត់ដឹង នឹងស្គាល់ហើយអ្វីដែលខ្ញុំតែងតែលឺពីពួកគាត់នោះគឺ គាត់មិនដែលបានដឹងទេថានៅទីក្រុងក៏មានសហគមន៍ក្រីក្រ និងងាយរងគ្រោះផងដែរ។ ក្រោយពីបញ្ចប់ជាយុវជនស្ម័គ្រចិត្តនៅកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងមកខ្ញុំបានចូលធ្វើជាអ្នកហាត់ការនៅអង្គការសមាគមធាងត្នោត ខ្ញុំពិតជាបានយល់នឹងរៀនច្រើនទាក់ទងនឹងសហគមន៍ និងការធ្វើការងារក្នុងស្ថាប័ន។ ជាងនេះទៅទៀតខ្ញុំកាន់តែយល់ច្បាស់ពីអង្គការសមាគមធាត្នោត ទៅលើបេសកម្ម និងការជួយគាំទ្រសហគមន៍ដើម្បីឱ្យពួកគាត់រស់នៅដោយមានលំនៅឋានសមរម្យ តាមរយៈការផលិតផែនទីសហគមន៍ របាយការណ៍ ឯកសារស្រាវជ្រាវអំពីសហគមន៍ និងវគ្គបណ្ដុះបណ្ដាលអំពីសិទ្ធិមនុស្ស សិទ្ធិលំនៅឋាន និងបច្ចេកវិទ្យា។ ចាប់តាំងពីក្លាយជាអ្នកហាត់ការមកខ្ញុំដឹងច្បាស់ពីបញ្ហារបស់សហគមន៍យ៉ាងច្រើនតាមរយៈការចែករំលែកពីតំណាងសហគមន៍នីមួយៗ ហើយជាកត្តាជំរុញដែលធ្វើឱ្យខ្ញុំចូលចិត្តតាមដានពីបញ្ហាសង្គមមួយកម្រិតទៀត។ មុននឹងចូលហាត់ការខ្ញុំមិនសូវមានភាពក្លាហានក្នុងការនិយាយ ប្រាស្រ័យទាក់ទងជាមួយមនុស្សថ្មី និងឡើងនិយាយឬបញ្ចេញមតិយោបល់របស់ខ្លួនទេ។

 
កត្តាដែលជំរុញឱ្យខ្ញុំមានភាពក្លាហាននិយាយនោះ គឺខ្ញុំបានរៀនសង្កេតពីតំណាងសហគមន៍ដែលគាត់មានភាពក្លាហានក្នុងការនិយាយតស៊ូ និងចែករំលែកពីអ្វីដែលគាត់ធ្លាប់ធ្វើដើម្បីសហគមន៍គាត់ ថាគាត់ជួបប្រទះបញ្ហាបែបណាទោះបីជាគាត់មិនសូវមានចំណេះដឹង ប៉ុន្តែគាត់នៅតែមានភាពក្លាហាន។ មួយវិញទៀតខ្ញុំបានរៀនពីការរៀបចំវគ្គបណ្ដុះបណ្ដាល និងសកម្មភាពមួយចំនួនក្នុងគម្រោង តើថាខ្ញុំត្រូវធ្វើអ្វីខ្លះ និងរៀបចំដូចម្ដេចដើម្បីឱ្យកម្មវិធីដំណើរការទៅតាមផែនការ ចំណុចមួយទៀតដែលខ្ញុំតែងតែចង់ដឹងនោះ គឺការធ្វើរបាយការណ៍ និងការរៀបចំគ្រប់គ្រងពេលវេលា ហើយមកដល់បច្ចុប្បន្ន ខ្ញុំអាចនិយាយបានថា ខ្ញុំបានរៀបចំ និងរៀនគ្រប់គ្រងពេលវេលាបានប្រសើរជាងមុន ទន្ទឹមនិងការសរសេររបាយការណ៏របស់ខ្ញុំក៏មានការរីកចម្រើន។ អ្វីដែលធ្វើឱ្យខ្ញុំមានភាពរីករាយក្នុងការហាត់ការនោះគឺបានធ្វើការដែលខ្លួនឯងចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែម និងនៅជុំវិញមនុស្សដែលមានចំណង់ចំណូលចិត្តដូចគ្នា មានសណ្ដានចិត្តល្អ លើកទឹកចិត្តគ្នាទៅវិញទៅមក ជាពិសេសចង់ជួយធ្វើឱ្យមានការផ្លាស់ប្ដូរក្នុងសង្គម

បន្ទាប់ពីបានហាត់ការរយៈពេល ខែមកខ្ញុំឃើញថាខ្លួនឯងមានការអភិវឌ្ឍខ្លួនច្រើនជាងមុន ដូចជាចំណេះដឹងទូទៅលើបញ្ហាសិទ្ធិដីធ្លី និងសិទ្ធិផ្សេងៗ ការប្រាស្រ័យទាក់ទង ភាពក្លាហាន និងមានភាពជាអ្នកដឹកនាំលើសពីមុនហើយនឹងអាចស្វែងយល់ពីអ្វីដែលខ្លួនឯងចង់ធ្វើរឹតតែច្បាស់។ លើសពីនេះទៅទៀត ខ្ញុំមានភាពក្លាហានក្នុងការចែករំលែកពីបញ្ហារបស់សហគមន៍ទៅកាន់មនុស្សជុំវិញខ្លួនឱ្យបានដឹថាទោះបីជាមានការអភិវឌ្ឍប៉ុណ្ណាក៏នៅតែមានកន្លែងដែលខ្វះខាតត្រូវការភាពយុត្តិធម៌ ការរស់នៅដោយសមរម្យគ្មានការគំរាមកំហែង ទទួលបានសេវាសាធារណៈដែលល្អ និងការយកចិត្តទុកដាក់ពីរដ្ឋាភិបាល។ អ្វីដែលខ្ញុំចងចាំមិនភ្លេចពីការលើកឡើងរបស់សំណើរសហគមន៍មួយថាគាត់ចង់បានការអភិវឌ្ឍ ប៉ុន្តែមិនមែនជាការអភិវឌ្ឍធ្វើឱ្យមានការឈឺចាប់នោះទេ ពោលការអភិវឌ្ឍនៅកន្លែងដោយគ្មានការបណ្ដេញចេញ ហើយគួរតែផ្ដល់សំណងសមហេតុផល និងមានលំនៅឋានសមរម្យ គឺពួកគាត់ពេញចិត្តណាស់ទៅហើយ ។​ អ្វីដែលខ្ញុំបានរៀងនឹងយល់ច្រើន​នោះគឺ ការតស៊ូ និងភាពលំបាករបស់សហគមន៍ក្រោយបញ្ចប់ការហាត់ការជាមួយអង្គការសមាគមធាងត្នោត។ ក្នុងនាមជាយុវជនម្នាក់ខ្ញុំពិតជាចង់ជួយឱ្យមានភាពយុត្តិធម៌ ភាពស្មើគ្នានឹងឱ្យមានការផ្លាស់ប្ដូរនៅក្នុងសង្គមយ៉ាងខ្លាំង ប៉ុន្តែខ្ញុំមិនអាចជួយអ្វីបាននោះទេក្រៅពីការធ្វើការស្ម័គ្រចិត្ត និងចែករំលែក ព្រោះខ្ញុំកំពុងតែអភិវឌ្ឍន៍សមត្ថភាពខ្លួន និងបង្កើនចំណេះដឹងឱ្យបានល្អប្រសើរដូចគ្នា។ ផ្ទុយពីនេះខ្ញុំមិនប្រាកដថានៅថ្ងៃអនាគតខ្ញុំនឹងក្លាយជានរណា ឬជាអ្វីនោះទេ ប៉ុន្តែខ្ញុំប្រាកដជាធ្វើជាចំណែកមួយក្នុងការធ្វើឱ្យសង្គមមានការផ្លាស់ប្ដូរ និងល្អប្រសើរ ដោយមានភាពស្មើគ្នា និងយុត្តិធម៌។

ជាចុងក្រោយខ្ញុំសូមអរគុណដល់អង្គការសមាគមធានត្នោតដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការធ្វើការជាមួយសហគមន៍ងាយរងគ្រោះ និងក្រីក្រដែលពិតជាត្រូវការការគាំទ្រ។ មួយវិញទៀតខ្ញុំពិតជាអរគុណដែលអង្គការសមាគមធាងត្នោត បានផ្ដល់ឱកាសឱ្យខ្ញុំជាច្រើនដងក្នុងការរៀនសូត្រ និងធ្វើការទៅតាមអ្វីដែលខ្លួនចង់ដឹង និងចង់ធ្វើឱ្យមានការផ្លាស់ប្ដូរដោយវិជ្ជមាន។

ចែករំលែក: