រឿងរ៉ាវរបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងរបស់ កញ្ញា អ៊ុល កញ្ចនា
ខ្ញុំឈ្មោះ អ៊ុល កញ្ចនា ជានិស្សិតបានបញ្ចប់មហាវិទ្យាល័យនីតិសាស្ត្រនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ថ្មីៗកន្លងទៅនេះ។ ក្នុងវ័យកុមារភាពខ្ញុំបានជួបរឿងរ៉ាវអយុត្តិធម៌សម្រាប់គ្រួសាររបស់ខ្ញុំ ខ្ញុំតែងតែមានសំណួរមកកាន់ខ្លួនឯងថា តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបញ្ចេញមតិ ឬទស្សនៈ របស់ខ្លួនឯងបានដោយសេរី ព្រមទាំងចូលរួមលើកកម្ពស់ការយល់ដឹងប្រកបដោយយុត្តិធម៌។ ដោយហេតុនេះហើយទើបធ្វើឱ្យរូបខ្ញុំមានគោលបំណងចម្បងមួយក្នុងការជ្រើសរើសជំនាញច្បាប់ ដើម្បីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ។ នៅក្នុងអំឡុងពេលខ្ញុំរៀនឆ្នាំទី ២ ខ្ញុំបានចាប់ផ្ដើមស្វែងរកឱកាសរៀនសូត្របន្ថែមតាមរយៈសិក្ខាសាលាក្នុងសាកលវិទ្យាល័យដែលមានស្រាប់ រួចមកខ្ញុំបានបន្តចូលរួមជាហូរហែជាមួយសាកលវិទ្យាល័យផ្សេងៗទៀតក្នុងរាជធានីភ្នំពេញ រហូតខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលតាមអង្គការសង្គមស៊ីវិលមួយចំនួនដែលត្រូវជាមួយជំនាញដែលខ្ញុំកំពុងសិក្សាបច្ចុប្បន្ន។ បន្ទាប់ពីបានឆ្លងកាត់ការបណ្ដុះបណ្ដាលក្រៅសាលា ខ្ញុំមានការយល់ឃើញមួយជ្រុងទៀតពាក់ព័ន្ធជាមួយនឹងវិធីសាស្ត្រដែលអ្នកសម្របសម្រួល ឬគ្រូបង្គោលបានបង្រៀន និងចែករំលែក។ របៀបដែលខ្ញុំទទួលបានចំណេះដឹង បរិយាកាស ពីយុវជនមានវ័យខុសគ្នា ចម្រុះ និងសិក្សាជំនាញផ្សេងគ្នាមកពីសាកលវិទ្យាល័យ និងវិទ្យាស្ថានតាមបណ្ដាខេត្ត និងទីក្រុង បានផ្ដល់ឱ្យខ្ញុំនូវចំណេះដឹងរហ័ស សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការផ្លាស់ប្ដូរទស្សនៈរបស់យុវជនផងដែរ។

ក្នុងវ័យ២០ ឆ្នាំ ខ្ញុំបានដាក់ពាក្យចូលរួម “ជំរំយុវជន ដើម្បីសិទ្ធិលំនៅឋាន” ជាមួយកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង រយៈពេល ៥ថ្ងៃ ៤យប់ ដែលក្នុងនោះមានសកម្មភាពមួយចំនួនដូចជា ការចែករំលែកបទពិសោធន៍ពីតំណាងសហគមន៍រងគ្រោះ ការរៀនសូត្រពីប្រធានបទទាក់ទងជាមួយសិទ្ធិមនុស្ស និងធុរៈកិច្ច សិទ្ធិមានលំនៅឋានសមរម្យ ភាពជាអ្នកដឹកនាំ យុត្តិធម៌បរិស្ថាន និងការវិនិយោគផ្ទាល់ពីបរទេសជាដើម។ ចំពោះសកម្មភាពសាងសង់ផ្ទះគំរូ ខ្ញុំបានរៀនសូត្រច្រើនអំពីការកែច្នៃនូវអ្វីដែលយើងមាន ការចាត់ចែងពេលវេលា ភាពអត់ធ្មត់ និងការផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមក ការចេះស្តាប់មតិយោបល់អ្នកដទៃនឹងការសម្រេចចិត្តរួមគ្នា សកម្មភាពនេះបានឆ្លុះបញ្ចាំងឱ្យឃើញថា ការសាមគ្គីពិតជាសំខាន់។
តួយ៉ាង ក្នុងខែមិថុនា ឆ្នាំ២០២៥ ក្នុងគម្រោងពង្រឹងអំណាចសហគមន៍ និងបណ្ដាញបានបង្ហោះការផ្ដល់ឱកាសសម្រាប់យុវជនក្នុងការហាត់ការ ខ្ញុំបានរុញខ្លួនឯងឱ្យសាកល្បងបន្ថែមទៀត ទោះបីជាមានសង្ឃឹមត្រឹមតែ១ភាគរយក៏ដោយ ជាលទ្ធផលខ្ញុំក៏បានជាប់ ហើយនេះជាលទ្ធផលបានមកពីការចូលរួម និងភាពក្លាហានក្នុងការសាកល្បង។ ទោះបីជាកន្លងមកខ្ញុំធ្លាប់បានធ្វើកិច្ចការមួយចំនួនត្រូវជាមួយជំនាញ និងបានចូលរួមវគ្គបណ្ដុះបណ្ដាលគួរសមក៏ដោយ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ និងមើលមកសមត្ថភាពខ្លួនឯងមិនគ្រប់គ្រាន់ និងមិនអាចធ្វើអ្វីបានទាល់តែសោះ។ ក្នុងអំឡុងពេលខ្ញុំហាត់ការខ្ញុំមានឱកាសច្រើនក្នុងការដុះខាត់នូវសមត្ថភាពក្នុងការចូលរួមសម្របសម្រួល ឈ្វេងយល់អំពីស្ថានភាពសហគមន៍ក្រីក្រក្នុងទីក្រុង កាលពីដំបូងឡើយខ្ញុំមិនធ្លាប់ដឹងទេថាក្នុងទីក្រុងមានសហគមន៍ក្រីក្រ រស់នៅតាមបណ្ដោយប្រឡាយ បឹង ឬទន្លេ ហើយមានបរិយាកាសរស់នៅបែបនោះឡើយ ដោយស្ថានភាពនេះ ធ្វើឱ្យខ្ញុំយល់ថាតាមការពិតនៅក្នុងសង្គមបច្ចុប្បន្នមានបញ្ហាច្រើនណាស់ដែលយុវជនអាចចូលរួមដោះស្រាយបាន។


ក្នុងអំឡុងពេលខ្ញុំហាត់ការខ្ញុំក៏មានឱកាសផ្សេងទៀតដែរ ខ្ញុំបានចូលជាយុវទូតនៃកម្មវិធីអ្នកដឹកសហគមន៍វ័យក្មេងរដូវកាលទី២(Community Youth Leadership Program)-CYLP។ ខ្ញុំបានរៀនសូត្រច្រើនតាមរយៈការអនុវត្តសកម្មភាព ឬដឹកនាំគម្រោងមួយឱ្យចេញជារូបរាងត្រូវធ្វើយ៉ាងដូចម្ដេចខ្លះ មុនពេល អំឡុងពេល និងក្រោយពេលបញ្ចប់សកម្មភាព។ ការមើលឃើញនូវបញ្ហាហើយចូលរួមដោះស្រាយនូវបញ្ហាវាជាមេរៀនដែលខ្ញុំបានរៀនសូត្រក្នុងការផ្ដួចផ្ដើមគំនិត និងដឹកនាំចេញជាសកម្មភាពជាមួយយុវជន។ មុនពេលដែលលេចចេញជាយុទ្ធនាការណាមួយ យើងត្រូវស្វែងរកបញ្ហាឱ្យបានជាក់លាក់និងមានផែនការច្បាស់លាស់ក៌ដូចជាការស្រាវជ្រាវអំពីរបកគំហើញផ្សេងៗដែលយើងអាចយកមកយោង និងធ្វើអ្វីបានខ្លះក្នុងការសរសេរសំណើស្នើថវិកាសម្រាប់ការគាំទ្រគម្រោងជាប្រយោជន៍សម្រាប់សហគមន៍ និងយុវជន ដើម្បីជាការចូលរួមដោះស្រាយបញ្ហាដែលកំពុងកើតមានក្នុងសហគមន៍។ ក្រៅពីនេះការតស៊ូមតិតាមអនឡាញ ជាការតស៊ូមតិយ៉ាងមានប្រសិទ្ធភាពមួយផ្សេងទៀត វាមានឥទ្ធិពល និងផ្ដល់ជាព័ត៌មានយ៉ាងរហ័សដល់អ្នកពាក់ព័ន្ធ ក៏ដូចជាការផ្សព្វផ្សាយដល់យុវជនឬសាធារណៈជនឱ្យបានដឹងអំពីបញ្ហាជាច្រើនដែលសង្គមជាតិរបស់យើងត្រូវការការចូលរួមដោះស្រាយ ហើយនេះជាចំណុចរបត់សំខាន់និងមានតម្លៃបំផុតសម្រាប់ខ្ញុំតាមរយៈការបញ្ចេញនូវទស្សនៈមួយចំនួនទៅកាន់យុវជន និងការកសាងសមត្ថភាពក្រៅប្រព័ន្ធ ក៏ដូចជាការសរសេរខ្លីៗអំពីបរិស្ថានផងដែរ។ ខ្ញុំចាប់ផ្ដើមយល់អំពីអ្វីជាទំនួលខុសត្រូវ ការអនុវត្តសកម្មភាព និងជាពិសេសទៀតសោតនោះគឺជាការធ្វើការជាក្រុម ដែលត្រូវដឹកនាំ និងត្រូវបែកចែកតួនាទីទៅតាមជំនាញរបស់យុវជន អ្វីដែលសំខាន់ថាតើនៅពេលមានបញ្ហាបន្ទាន់ត្រូវដោះស្រាយបែបណា ត្រូវមានផែនការ ចាប់ពី ២ឡើងទៅ ចេះវិភាគអំពីហានិភ័យ ហើយមកដល់ពេលនេះខ្ញុំមានទំនុកចិត្តក្នុងការធ្វើគម្រោង និងជម្នះភាពអៀនខ្មាសបានច្រើន ហើយការអនុវត្តសកម្មភាពទាំងនេះជាការឆ្លើយតបជាមួយនឹងបញ្ហាដែលខ្ញុំបានឃើញក្នុងសហគមន៍ដែលងាយរងគ្រោះ និងកំពុងរងគ្រោះដែលជាសកម្មភាពយុវជនអាចចូលរួមបាន។
តាមរយៈអត្ថបទខាងលើ ខ្ញុំសង្ឃឹមថា វាជាតឹកតាងសម្រាប់យុវជនដទៃទៀតអាចយកជាកត្តាជំរុញចិត្ត និងជម្នះនូវភាពភ័យខ្លាចរបស់ខ្លួនឯងក្នុងការអនុញ្ញាតឱ្យខ្លួនឯងបានផ្លាស់ប្ដូរការគិត ទស្សនៈ បរិបទថ្មី ជួបមនុស្សថ្មីៗ បង្កើតបទពិសោធន៍ថ្មី ចំណេះដឹងពីគ្រប់មជ្ឈដ្ឋានសម្រាប់ជាទុន ស្គាល់ថាខ្លួនអ្នកជានរណា តើខ្ញុំជានរណា? ហើយស្វែងរកកន្លែងដែលផ្ដល់ជាលំហសេរីភាពក្នុងការនិយាយ ចែករំលែក អាចបង្ហាញនូវទស្សនៈយោបល់របស់ខ្លួនឯង និងកសាងសមត្ថភាពខ្លួនឯងបាន។


ជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណចំពោះឱកាសដែលខ្ញុំទទួលបាន ធ្វើឱ្យខ្ញុំមានភាពក្លាហាន មានទំនុកចិត្ត និងបង្កើនសមត្ថភាពបានមួយកម្រិតទៀត។ ខ្ញុំមានសារសម្រាប់យុវជនដែលកំពុងដើរលើវិថីជីវិតដ៏លំបាកមួយនេះថា សូមបន្តកិច្ចការនិងបោះជំហានរបស់អ្នកទៅមុខទៀត យូរឬឆាប់អ្នកនឹងទៅដល់គោលដៅមួយដែលអ្នកចង់បាន ចូរគិតថា ពេលខ្លះចំណុច ឬទីតាំងដែលអ្នកឈរ ជាទីកន្លែងមួយដែលអ្នកដទៃទៀតកំពុងស្រមៃចង់មកដល់ក៏អាចថាបាន។
