ការប្រើប្រាស់ផែនទីដើម្បីគ្រប់គ្រងទិន្នន័យសហគមន៍

19 ឧសភា 2026, 00:00 1 ការមើល រឿងរ៉ាវនៃការផ្លាស់ប្តូរ
ការប្រើប្រាស់ផែនទីដើម្បីគ្រប់គ្រងទិន្នន័យសហគមន៍

សហគមន៍ទំនប់តាថ្លាងមានទីតាំងស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សហគមន៍នេះ បានតាំងទីលំនៅទីនេះចាប់ពីឆ្នាំ២០០៤ តែពួកគេពុំទាន់ទទួលបានប្លង់កម្មសិទ្ធិបញ្ជាក់ពីការកាន់កាប់ដីធ្លីរបស់ខ្លួនឡើយ។ សហគមន៍ធ្លាប់ស្នើសុំផ្ដល់ប្លង់កម្មសិទ្ធិទៅអាជ្ញាធរមូលដ្ឋាន តែអាជ្ញាធរបានបដិសេធថា សហគមន៍មានទីតាំងជាសំណងមិនរៀបរយ និងកំពុងរស់នៅលើដីរដ្ឋ។ កន្លងមក សហគមន៍បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនជាមួយអង្គការសមាគមធាងត្នោត ជាពិសេស វគ្គបណ្តុះបណ្តាលស្តីអំពីការគូសផែនទីដែលជួយឱ្យពួកគេមានភាពក្លាហានជាងមុន អាចយល់ដឹងអំពីទិន្នន័យ ប្រវត្តិ និងទីតាំងនៅក្នុងសហគមន៍បានយ៉ាងល្អប្រសើរ។ នៅឆ្នាំ២០២៣ អង្គការសមាគមធាងត្នោតបានផលិតផែនសហគមន៍ឌីជីថលជូនសហគមន៍។​ តាមរយៈផែនទី ជួយសហគមន៍ដឹងពីចំនួនខ្នងផ្ទះ គ្រួសារ ព្រំប្រទល់ទីតាំង និងងាយស្រួលគ្រប់គ្រងទន្និន័យផងដែរ។ ជាពិសេស ផែនទីជួយឱ្យសហគមន៍យកទៅប្រើប្រាស់ស្វែងរកកិច្ចគាំទ្រ និងដំណោះស្រាយដោយផ្អែកលើទិនិ្នន័យជាក់លាក់។ ​

អ្នកស្រីជា សារ៉ុម តំណាងសហគមន៍ទំបន់តាថ្លាងបានលើកឡើងថា  “ កុំតែបានផែនទីហ្នឹងទេ កុំអីបញ្ហរបស់សហគមន៍ដោះស្រាយមិនចេញទេ...! ព្រោះអាជ្ញាធរគេចង់ដឹងអំពីទិន្នន័យជាក់លាក់នៅក្នុងសហគមន៏ ដើម្បីធ្វើការដោះដូរសហគមន៍ទៅទីតាំងថ្មី ហើយខ្ញុំបានយកផែនទីសហគមន៍ឌីជីថលឱ្យអាជ្ញាធរមើល...! ហើយអាជ្ញាធរបានសរសើរថា សហគមន៍ចេះធ្វើការចងក្រង និងគ្រប់គ្រងទិន្នន័យសហគមន៍បានល្អ ដែលវាជួយឱ្យគេងាយស្រួលធ្វើការជាមួយសហគមន៍...! ហើយបន្ទាប់មកអាជ្ញាធរ បានធ្វើការដោះស្រាយដោយដោះដូរជូនសហគមន៍ទៅទីតាំងថ្មីដោយផ្ដល់ដីជាឡូតិ៍ៗជូនសហគមន៍ដោយផ្អែកលើបញ្ជីឈ្មោះដែលមាននៅក្នុងផែនទី...។ ...ខ្ញុំនិយាយត្រង់ កុំតែបានផែនទី ខ្ញុំមិនដឹងជាទៅរកទិន្និយមកពីណាទេ...”។

នៅខែមិថុនា ឆ្នាំ២០២៥ សហគមន៍បានទទួលយកសំណងជាការដោះដូរប្តូទៅទីតាំងថ្មី ដែលមានចម្ងាយប្រមាណជាកន្លះគីឡូម៉ែត្រពីទីតាំងចាស់ ដែលស្ថិតនៅភូមិបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សហគមន៍ក៏បានបង្ហាញពីក្តីរីករាយ និងពេញចិត្តចំពោះការដោះដូរទីតាំងថ្មី។ អង្គការសមាគមធាងត្នោតបានធ្វើការវាយតម្លៃមួយបង្ហាញថា ប្រជាពលរដ្ឋ ប្រមាណ ៣៧% មានការពេញខ្លាំង ៥៣% មានការពេញចិត្ត និងប្រមាណ១០% គិតថាធម្មតា។ តាមរយៈទិន្នន័យនេះ បានបង្ហាញពីពេញរៀបចំនៃការផ្លាស់ប្តូរទីកន្លែងមួយដែលអាចទទួលយកបាន។

តាមរយៈបទពិសោធន៍ដ៏ល្អនេះ សហគមន៍ទំនប់តាថ្លាងក៏បានសម្តែងនូវការអគុណដល់អាជ្ញាធរមូលដ្ឋាន និងអង្គការសមាគមធាងត្នោតដែលយកចិត្តទុកដាក់ជួយសហគមន៍កន្លងមក។

ចែករំលែក: