រឿងរ៉ាវរបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង

រឿងរ៉ាវរបស់យុវជនកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង

ខ្ញុំបាទឈ្មោះ សុខាន់ មនោកែវ ភេទប្រុស តែខ្ញុំបានកំណត់ថាខ្ញុំជាអ្នកប្លែងយេនឌ័រ មានទីលំនៅបច្ចុប្បន្ននៅ ភូមិព្រែករកា ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រទេសកម្ពុជា​ ។ ក្នុងឆ្នាំ២០២៦ នេះខ្ញុំជានិស្សិតឆ្នាំទី៤ សិក្សាជំនាញនីតិសាស្រ្ត(ច្បាប់) នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ខ្ញុំបានស្គាល់កម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង ក្នុងឆ្នាំ២០២៤កំឡុងខែមិថុនា   ដោយនាពេលនោះកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេងបានរៀបចំកម្មវិធីបោះជំរំយុវជនដើម្បីសិទ្ធិលំនៅឋាន ដែលជាសកម្មភាពដំបូងធ្វើឱ្យខ្ញុំបានចាប់អារម្មណ៍យ៉ាងខ្លាំង ខ្ញុំក៏បានដាក់ពាក្យជាយុវជនចូលរួមក្នុងកម្មវិធីនោះ ដោយចង់ដឹងអំពីសកម្មភាពរបស់កម្មវិធី និងចង់ជម្នះខ្លួនឯងដែលជាយុវជនម្នាក់មកពីជនបទផងដែរ ។ បន្ទាប់ពីរងចាំអស់រយៈពេល២សប្តាហ៍ កម្មវិធីក៏បានទាក់ទងសម្ភាសន៍តាមប្រព័ន្ធអនឡាញ និងបានប្រកាសក្នុងបណ្តាញសង្គម​ហេ្វសប៊ុក ខ្ញុំបានជាប់ជាយុវជនក្នុងកាបោះជំរំរដូវកាលទី១។ កម្មវិធីបោះជំរំនេះបង្រៀនឱ្យខ្ញុំយល់អំពីសិទ្ធិមនុស្សជាមូលដ្ឋាន រួមទាំងសិទ្ធិមានលំនៅឋានសមរម្យ សិទ្ធិដីធ្លី និងសុវត្ថិភាពក្នុងការរស់នៅ ។ ខ្ញុំក៍បានសិក្សារៀនសូត្រពីបញ្ហាប្រឈម របស់សហគមន៍ដែលពួកគាត់កំពុងជួបប្រទះ ក្នុងការបាត់បង់ដីធ្លី សិទ្ធិ និងរងភាពអយុត្តិធម៌ផ្សេងៗ។ ជាពិសេសអ្វីដែលខ្ញុំទទួលបានបន្ថែមទៀតនោះគឺការចូលរួមយ៉ាងសកម្មភាពជាមួយយុវជនផ្សេងៗដែលខ្ញុំមិនធ្លាប់ស្គាល់ពីមុន វាជាសកម្មភាពដ៏សំខាន់មួយដែលធ្វើឱ្យខ្ញុំចេះធ្វើការងារជាក្រុម ស្ដាប់គំនិតយោបល់របស់អ្នកដទៃ ការសហការគ្នា និងបង្កើតបណ្តាញកសាងមិត្តភាពជាមួយនឹងយុវជនមកពីទីកន្លែងផ្សេងគ្នាមានទាំងយុវជនមកពីសហគមន៍ និងយុវជនមកពីសកលវិទ្យាល័យផ្សេងៗទៀតផងដែរ។ វាបានបង្ហាញឱ្យខ្ញុំឃើញថាខ្ញុំមានការផ្លាស់ប្តូរយ៉ាងច្រើនបន្ទាប់ពីចប់សកម្មភាពបោះជំរំនោះ។

បន្ទាប់ពីសកម្មភាពបោះជំរំ ខ្ញុំក៏ទទួលបានឱកាស​បន្តទៀត ក្នុងការចូលរួមសិក្ខាសាលា អំពីសិទ្ធិមនុស្ស និងការវិនិយោគផ្ទាល់ពីបរទេស ដែលធ្វើឱ្យខ្ញុំកាន់តែយល់ស៊ីជម្រៅបន្ថែមអំពីបញ្ហានានាដែលកើតមាននៅក្នុងសហគមន៍ក្រីក្រ និងងាយរងគ្រោះក្នុងទីក្រុង និងបណ្ដាខេត្តនានា។សិក្ខាសាលានេះបានធ្វើឱ្យខ្ញុំមិនត្រឹមតែទទួលបានចំណេះដឹងទេ ប៉ុន្តែបានបង្កើតការគិតពិចារណា និង ការយល់ដឹងយ៉ាងស៊ីជម្រៅលើបញ្ហាសង្គមដែលកំពុងកើតមានឡើងក្នុងពេលបច្ចុប្បន្ន។

នេះជាជំហានដំបូងដែលខ្ញុំបានសាកល្បង និងជម្នះភាពភ័យខ្លាចក្នុងការចូលរួមសកម្មភាពទាំងនោះ ទោះបីជាមិនល្អឥតខ្ចោះ ប៉ុន្តែការសាកល្បងមួយនេះបានធ្វើឱ្យខ្ញុំទទួលបានឱកាសរៀនសូត្រច្រើន ដែលនៅសាលាមិនធ្លាប់បានបង្រៀន។ ការផ្លាស់ប្ដូរដ៏ធំសម្រាប់ខ្ញុំក្នុងនាមជាយុវជនប្លែងយេនឌ័រ គឺក្រោយពីទទួលបានឱកាសហាត់ការពេញលេញនៅអង្គការសមាគមធាងត្នោត និងជាយុវទូតក្នុងចំណោម ២០ នាក់ តំណាងឱ្យកម្មវិធីអ្នកដឹកនាំសហគមន៍វ័យក្មេង ខ្ញុំបានចូលរួមចំណែកក្នុងសកម្មភាពគម្រោងជាច្រើន ដូចជា ការរៀបចំកម្មវិធីអប់រំយុវជន និងសហគមន៍អំពីបរិស្ថាន ការបែងចែកសំណល់ វគ្គបណ្តុះបណ្តាល និងការជំរុញការចូលរួមរបស់សហគមន៍និងយុវជនក្នុងយុទ្ធនាការ។ តាមរយៈសកម្មភាពទាំងនេះ ខ្ញុំមិនត្រឹមតែបានបង្ហាញសមត្ថភាពនៃការដឹកនាំទេ ប៉ុន្តែខ្ញុំបានជំរុញឱ្យមានការប្រែប្រួលវិជ្ជមានក្នុងសហគមន៍របស់ខ្ញុំផងដែរ។

អ្វីដែលខ្ញុំមានមោទនភាពជាងគេនោះ គឺភាពជឿជាក់ក្នុងខ្លួនកាន់តែខ្ពស់ឡើង ការបើកចិត្តស្តាប់អ្នកដទៃ ការធ្វើការជាក្រុម និងសមត្ថភាពក្នុងការឆ្លើយតបជាមួយបញ្ហា។ យ៉ាងណាមិញ ខ្ញុំបានអភិវឌ្ឍន៍សមត្ថភាពក្នុងការនិយាយជាសាធារណៈរបស់ខ្ញុំជាពិសេសខ្ញុំបានរៀនពីរបៀបបង្ហាញគំនិតផ្តួចផ្តើមក្នុងការធ្វើសកម្មភាព​ មានភាពក្លាហានក្នុងការធ្វើជាយុវជនឯករាជ្យ ដោយបានត្រៀមនិងបង្ហាញគំនិតក្នុងវេទិកាសាធារណៈ ក៏ដូចជាក្នុងក្រុមរបស់ខ្ញុំប្រកបដោយទំនុកចិត្តខ្ពស់។ ចំណុចសំខាន់មួយដែលខ្ញុំមិនធ្លាប់គិតថាអាចធ្វើបាននោះគឺ ភាពជាអ្នកដឹកនាំ ក្នុងខ្លួនខ្ញុំ។ តាមរយៈបទពិសោធន៍ទាំងនេះ ខ្ញុំបានយល់ថា ការធ្វើជាយុវជនមិនមែនគ្រាន់តែជាអាយុទេ ប៉ុន្តែជាការទទួលខុសត្រូវ ប្តេជ្ញាចិត្ត និងចង់ឃើញសង្គមកាន់តែប្រសើរឡើង។

ខ្ញុំមានទំនុកចិត្ត និងមានភាពជឿជាក់លើខ្លួនឯងថា ខ្ញុំអាចជាយុវជនគំរូមួយដើម្បី ឱ្យយុវជនផ្សេងទៀតហ៊ានក្នុងការសម្រេចចិត្តចូលរួម សាកល្បងសកម្មភាពស័្មគ្រចិត្ត ដែលអាចធ្វើឱ្យពួកគាត់ស្គាល់ពីខ្លួនឯង និងអាចអភិវឌ្ឍន៍ជំនាញបានទៅថ្ងៃអនាគតដែលជាឱកាសឱ្យយុវជនអាចបង្កើតបណ្ដាញ និងទំនាក់ទំនង។

ជាចុងក្រោយនេះ កម្មវិធី “អ្នកដឹកនាំសហគមន៍វ័យក្មេង”  មិនត្រឹមជាកន្លែងសិក្សា ផ្តល់ឱកាសដល់ខ្ញុំនោះទេ ប៉ុន្តែជាវិថីនៃការធ្វើឱ្យខ្ញុំបានស្គាល់ខ្លួនឯង ស្គាល់អ្នកដទៃ និងស្គាល់សង្គមជុំវិញ ខ្ញុំរីករាយដែលបានជាផ្នែកមួយនៃការបង្កើតភាពប្រែប្រួលល្អក្នុងសហគមន៍ ។ ខ្ញុំជឿជាក់ថា បទពិសោធន៍ទាំងនេះនឹងបន្តជាភាពសំខាន់មួយក្នុងដំណើររីកចម្រើននាពេលអនាគតរបស់ខ្ញុំ។ សូមអរគុណ។

ចែករំលែក: