ដំណើរការស្វែងរកសុវត្ថិភាពដីធ្លីរបស់សហគមន៍ព្រែកតាគង់៣
នៅឆ្នាំ២០២១ សហគមន៍ព្រែកតាគង់៣ បានទទួលការចុះបញ្ជីដីធ្លីជាប្រព័ន្ធពីសំណាក់អាជ្ញាធរ ហើយរហូតដល់ខែឧសភា ឆ្នាំ២០២៥ ពួកគាត់ក៏ទទួលបានប្លង់កម្មសិទ្ធិ។ លទ្ធផលនេះមិនមែនទទួលបានដោយងាយស្រួល ឬ ដោយឯកឯងនោះទេ សហគមន៍បានតស៊ូប្រឹងប្រែងជាច្រើនឆ្នាំចាប់តាំងពីឆ្នាំ២០១១រហូតមកនិងបានធ្វើសកម្មភាពជាច្រើនដូចជា ការស្វែងរកដំណោះស្រាយជាមួយភាគីពាក់ព័ន្ធ ការសហការជាមួយអង្គការដៃគូរដើម្បីកែលម្អ និងធ្វើឱ្យស្ថានភាពសហគមន៍កាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទាំងចំណេះដឹងផ្នែកច្បាប់ សាមគ្គីភាព និងការអភិវឌ្ឍសហគមន៍ ដូចជាភ្លើងបំភ្លើផ្លូវ ការសាងសង់ស្ពានជាដើម។ តាមរយៈការសម្រេចបានរបស់សហគមន៍នេះហើយ ទើបធ្វើឱ្យសហគមន៍ឈានទៅដល់ការទទួលបានប្លង់កម្មសិទ្ធិ និងការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន អំពីវឌ្ឍនភាពនិងភាពស្របច្បាប់ក្នុងការកាន់កាប់ដីធ្លីរបស់សហគមន៍។
បញ្ហាប្រឈមដែលនៅបន្តកើតមាន
បើទោះបីជាសហគមន៍ទទួលបានប្លង់កម្មសិទ្ធិនិងមានសុវត្ថិភាពដីធ្លីហើយក្ដី បញ្ហាលិចទឹកនៅតែជាបញ្ហាប្រឈមនៅឡើយសម្រាប់ពួកគាត់ដែលត្រូវការគាំទ្របន្ថែមពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធក្នុងដំណើរការដោះស្រាយបញ្ហាទឹកលិចសហគមន៍នេះ។ ចាប់តាំងពីឆ្នាំ២០១៨ គម្រោងរបស់អង្គការសមាគមធាងធ្នោត បានចាប់ផ្ដើមអនុវត្តក្នុងសហគមន៍ និងយកសហគមន៍ ព្រែកតាគង់៣ ជាសហគមន៍គោលដៅ ដោយផ្តល់នូវកិច្ចអន្ដរាគមន៍ជាច្រើនដូចជា (១)វគ្គបណ្ដុះបណ្តាល ស្ដីពីសិទ្ធិមនុស្ស ច្បាប់ភូមបាល ការតស៊ូមតិ ការគ្រប់គ្រងកាកសំណល់ (២)ការផលិតឧបករណ៍តស៊ូមតិដូចជា ផែនទី ប្រវត្តិសហគមន៍ដើម្បីជាឯកសារសម្រាប់សហគមន៍ (៣)ជំនួយខ្នាតតូច (៤)ការគាំទ្រគំនិតផ្ដួចផ្តើមក្នុងសហគមន៍ និងការរៀបចំវេទិការសាធារណៈ។ តាមរយៈកិច្ចអន្តរាគមទាំងនេះសហគមន៍បានផ្លាស់ប្ដូរចំណេះដឹង និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍ដូចជា ភ្លើងបំភ្លឺផ្លូវ ស្ពានឆ្លងកាត់ទឹក ដែលធ្វើឱ្យការធ្វើដំណើរក្នុងសហគមន៍ងាយស្រួលជាងមុន និងកាត់បន្ថយជំងឺសើស្បែករបស់ប្រជាពលរដ្ឋដែលបណ្តាលពីទឹកកង្វក់ដែលលិចក្នុងសហគមន៍។

ប្រវត្ថិសង្ខេបរបស់សហគមន៍

ប្រជាសហគមន៍ព្រែកតាគង់៣ បានមកតាំងទីលំនៅក្នុងសហគមន៍នេះតាំងពីឆ្នាំ១៩៧៩ ដែលមានចំនួន២៥ខ្នងផ្ទះ ស្មើនិង២៧គ្រួសារ និងមានសមាជិកសរុប១៣៣(ស្រ្ដី៤៦)មានទីតាំងស្ដិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាសហគមន៍ភាគច្រើនជាអ្នកចំណាកស្រុកមកពីខេត្តកណ្ដាលក្រោយពីសម័យពលពត។ កាលដើមឡើយប្រជាសហគមន៍ព្រែកតាគង់៣ រស់នៅពឹងផ្អែកលើការដាំដំណាំដូចជា ត្រកួន និងកញ្ជែតនៅជាប់បឹងទំពុន។ប៉ុន្តែក្នុងកំឡុងឆ្នាំ២០១១ តំបន់ជំវិញសហគមន៍នោះត្រូវបានអភិវឌ្ឍន៍ ជាគម្រោងបុរីដែលមានក្រុមហ៊ុនជាច្រើនចាប់ផ្តើម សាងសងសំណង់ដែលនាំឱ្យបឹងនិងប្រព័ន្ធបង្ហូរទឹកក្នុងសហគមន៍នោះមានការខូចខាតនិងបាត់បង់ដែលមិនអាចបង្ហូរទឹកចេញពីសហគមន៍បាននិងនាំឱ្យមានទឹកលិចក្នុងសហគមន៍កាន់តែច្រើនឡើងៗ។ វាក៏ប៉ះពាល់ផងដែរដល់ឱកាសរកប្រាក់ចំណូលរបស់ប្រជាសហគមន៍ដោយពួកគេមិនមានបឹងដែលអាចដាំត្រកួនលក់ដូចពីមុនផងដែរ។ ដល់ឆ្នាំ២០១៦ស្ថានភាពសហគមន៍កាន់តែលិចខ្លាំងឡើងៗរហូតដល់លិចផ្ទះ និងផ្លូវ ពិបាកក្នុងការធ្វើដំណើរ។ ដោយទទួលរងនៅ ទុក្ខលំបាក នេះសហគមន៍បាន ដាក់ពាក្យបណ្ដឹងនិងស្នើសុំសង្កាត់ដើម្បីស្វែងរកដំណោះស្រាយជារឿយៗទាក់ទងនិងបញ្ហានេះជាមួយខាងបូរី។បញ្ហាចម្បងៗក្នុងសហគមន៍ដូចជា អំពើហឹង្សា អត់ការងារធ្វើ ទឹកជំនន់ និងការជំពាក់បំណុល។