ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច បំណុល និងភាពក្រីក្រ ក្នុងចំណោមមនុស្សចាស់នៅកម្ពុជា
"ខ្ញុំគ្រាន់តែចង់បានជំនួយបន្តិចបន្តួចសម្រាប់សុខភាពរបស់ខ្ញុំព្រោះខ្ញុំមិនដឹងថានឹងមានអ្វីកើតឡើងចំពោះចៅរបស់ខ្ញុំ ប្រសិនបើខ្ញុំធ្លាក់ខ្លួនឈឺ " ប្រសាសន៍របស់ លោកយាយ អោត បូ អាយុ៦១ឆ្នាំ ជាជីដូនរបស់ចៅពីរនាក់។
លោកយាយ អោត បូ ទទួលបន្ទុកការងារភាគច្រើនក្នុងការថែទាំចៅៗនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់គាត់។ ចៅមួយជាកូនរបស់កូនប្រុសគាត់ ហើយចៅម្នាក់ទៀតជាកូនរបស់កូនស្រីគាត់ ដែលអ្នកទាំងពីរទុកកូនឱ្យ លោកយាយមើលថែរក្សា ខណៈពួកគាត់ទៅធ្វើការនៅកន្លែងផ្សេង។ កាលពីពីរទសវត្សរ៍មុន លោកយាយ បូ បានជួបប្រទះនឹងជំងឺគាំងបេះដូង ហើយបានប្រឈមនឹងជំងឺលើសឈាមតាំងពីពេលនោះមក។ ទោះជាយ៉ាងណាក៏ដោយលោកយាយនៅតែបំពេញតួនាទីក្នុងការមើលថែទាំចៅៗរបស់គាត់។
នេះគ្រាន់តែជាឧទាហរណ៍មួយនៃករណីរាប់មិនអស់ ដែលមនុស្សចាស់នៅកម្ពុជា បង្ហាញពីការលះបង់ ទាំងកម្លាំងកាយ និងកម្លាំងចិត្តក្នុងការមើលថែចៅៗ ទោះបីជាប្រឈមមុខនឹងបញ្ហាសុខភាពផ្ទាល់ខ្លួនក៏ដោយ។ យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវក្នុងឆ្នាំ២០១៩ របស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបង្ហាញថា ស្ទើរតែ២ភាគ៣ នៃគ្រួសារទាំងអស់ក្នុងប្រទេសកម្ពុជា គឺភាគច្រើនជីដូនជីតាជាអ្នកថែទាំចៅ ដែល៩៩ភាគរយនៃពួកគេគឺជាស្ត្រី។
មិនត្រឹមតែការលះបង់របស់ពួកគេសម្រាប់សមាជិកគ្រួសារត្រូវបានមើលរំលងនោះទេ ក្តីកង្វល់ចំពោះមនុស្សវ័យចំណាស់នៅកម្ពុជាក៏ត្រូវបានលេចឡើងផងដែរ នោះគឺភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចរបស់មនុស្សវ័យចំណាស់នៅក្នុងទីតាំងលំនៅឋានក្រីក្រនៅទីក្រុងភ្នំពេញ។ ភាពងាយរងគ្រោះនេះក៏ជាប់ទាក់ ទងទៅនឹងការជំពាក់បំណុល និងភាពក្រីក្រ របស់មនុស្សវ័យចំណាស់នៅកម្ពុជាផងដែរ។
ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបំណុល
មនុស្សវ័យចំណាស់នៅក្នុងប្រទេសកម្ពុជា ជាទូទៅស្ថិតនៅក្នុងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលជារឿយៗដោយសារភាពគ្មានការងារធ្វើ និងជំនួយសង្គមសម្រាប់មនុស្សវ័យចំណាស់មិនទាន់គ្រប់គ្រាន់។
យោងតាមរបាយការណ៍គាំពារសង្គមពិភពលោកឆ្នាំ ២០១៧-១៩ ដោយអង្គការពលកម្មអន្តរជាតិ (ILO) បង្ហាញឱ្យឃើញថា បុគ្គលិកនៅកម្ពុជាមានតែ ៣.២% ដែលលើសពីអាយុសោធននិវត្តន៍តាមច្បាប់ ទទួលបានប្រាក់សោធននិវត្តន៍នៅពេលចាស់ទៅ។
ហើយអវត្ដមាននៃប្រភពប្រាក់ចំណូល និងប្រព័ន្ធសោធននិវត្តន៍ជំរុញឱ្យពួកគេឆ្ពោះទៅរកភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ជាពិសេសនៅពេលប្រឈមនឹងការចំណាយផ្នែកថែទាំសុខភាព ថ្លៃសេវាសំខាន់ៗ និងការចំណាយប្រចាំថ្ងៃ។
អ្នកស្រី អ៊ូ វណ្ណដា អាយុ៦៧ឆ្នាំ ប្រធានបណ្ដាញមនុស្សវ័យចំណាស់កម្ពុជា បាននិយាយប្រាប់ វីអូឌីថា “ប្រាក់ចំណូល គឺគាត់អត់អាចរកបានទេជារឿងសំខាន់ទី១។ ទី២ ប៉ះពាល់នឹងរឿងសុខភាព នៅពេលចាស់គាត់មានជួបជំងឺមិនឆ្លងជាច្រើន ដែលជាជំងឺត្រូវការព្យាបាលរយៈពេលយូរ ឬក៏មួយជីវិតផង ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ឈឺសន្លាក់ អ៊ីចឹងពួកគាត់មានការលំបាកណាស់ “។
ការស្រាវជ្រាវដែលធ្វើឡើងដោយវិទ្យាស្ថានជាតិសង្គមកិច្ច បានរកឃើញថា កង្វល់ចម្បងក្នុងចំណោមមនុស្សវ័យចំណាស់ដែលត្រូវបានសម្ភាស គឺការធ្លាក់ចុះនៃប្រាក់ចំណូល។ ការសិក្សាបានលើកឡើងបន្ថែមទៀតថា មនុស្សវ័យចំណាស់មួយចំនួនធំពឹងផ្អែកយ៉ាងខ្លាំង លើការឧបត្ថម្ភពីកូនៗរបស់ពួកគាត់ ដោយសារមិនមានប្រភពចំណូលផ្ទាល់ខ្លួន។ ហើយបញ្ហាគ្មានប្រាក់ចំណូលនេះ ជារឿយៗរារាំងលទ្ធភាពរបស់ពួកគេក្នុងការទទួលបានសេវាថែទាំសុខភាពពីមណ្ឌលសុខភាព ឬមន្ទីពេទ្យក្នុងតំបន់។
បន្ថែមពីនេះទៀត មនុស្សវ័យចំណាស់ដែលរស់នៅក្នុងក្រុមគ្រួសារមានជីវភាពខ្សត់ខ្សោយ ជាពិសេសស្រ្តី និងជនពិការ ប្រឈមនឹងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំង។ ជាឧទាហរណ៍ អ្នកស្រី វ៉ា យឺ ជាស្ត្រីមេម៉ាយ និងពិការភាពម្នាក់ ដែលកំពុងរស់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ បានត្អូញត្អែរប្រាប់ វីអូឌី ពីការពិបាករកការងារធ្វើថា “ចាស់ទៅពិបាកណាស់ គេចិត្តអាក្រក់ណាស់ ខ្ញុំវាទ័ល! បើសិនជាក្រមិនអីទេ ស៊ីឈ្នួលគេ គេមិនយក មិនដឹងធ្វើម៉េច! ពីមុនយើងក្មេង បកខ្ទឹមបកអីឱ្យគេ ឥលូវគេអត់យកទេ”។
បញ្ហាឱកាសការងារ និងប្រព័ន្ធសោធននិវត្តន៍បានជំរុញមនុស្សវ័យចំណាស់នៅកម្ពុជា ទៅរកភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលអាចឈានចូលទៅដល់ការជំពាក់បំណុលគេថែមទៀត ដែលជាឧបសគ្គសម្រាប់ប្រជាជនវ័យចំណាស់នៅកម្ពុជា។
បំណុល និងភាពក្រីក្រ
អត្រាការប្រាក់ខ្ពស់ និងលក្ខខណ្ឌនៃការទូទាត់សងដែលមិនអំណោយផល ក្លាយជាអន្ទាក់បំណុល ដោយធ្វើឱ្យ ប្រជាជនវ័យចំណាស់របស់កម្ពុជា ធ្លាក់ចូលទៅក្នុងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងបន្តវដ្តនៃភាពក្រីក្រ។
នៅក្នុងប្រទេសដែលមានកម្មវិធីគាំពារសង្គមសម្រាប់មនុស្សវ័យចំណាស់នៅមានកម្រិត ដូចជាប្រទេសកម្ពុជា ការខ្ចីប្រាក់ជាមធ្យោបាយទូទៅមួយ សម្រាប់គ្រួសារនីមួយៗក្នុងយកទៅចំណាយលើការថែទាំសុខភាព។ ការខ្ចីប្រាក់ដោយមានការប្រាក់ខ្ពស់អាចនាំឱ្យគ្រួសារទាំងនោះធ្លាក់ទៅក្នុងវិបត្តិបំណុល ដកខ្លួនមិនរួច និងធ្វើឱ្យផលប៉ះពាល់ដល់ការចំណាយលើការថែទាំសុខភាពរបស់ពួកគេផងដែរ។
ជាឧទាហរណ៍ ការសិក្សាដែលធ្វើឡើងដោយអង្គការមូលនិធិកុមារកម្ពុជាបានរកឃើញថាជាង ៨០ ភាគរយនៃគ្រួសារដែលបានផ្លាស់ទីលំនៅទៅកន្លែងចាក់សំរាមស្ទឹងមានជ័យនៅជាយរាជធានីភ្នំពេញ មានបន្ទុកបំណុលយ៉ាងច្រើនដោយមានអត្រាការប្រាក់ចន្លោះពី ១០ ទៅ ២០ ភាគរយក្នុងមួយខែ។ ជិតពីរភាគបីនៃគ្រួសារដែលជំពាក់បំណុលគេបានខ្ចីប្រាក់ដើម្បីចំណាយលើការព្យាបាលជំងឺ។
ការសិក្សាមួយទៀត ធ្វើការស្ទង់មតិថ្នាក់ជាតិលើ ៥០០០ គ្រួសារនៅកម្ពុជា បានរកឃើញថា ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច មានទំនាក់ទំនងទៅនឹងភាពក្រីក្រក្នុងគ្រួសារ ពោលគឺចំណូលក្នុងគ្រួសារកាន់តែធ្លាក់ចុះ ងាយនឹងខ្ចីប្រាក់ ហើយងាយធ្លាក់ក្នុងបំណុល និងមិនអាចសងបំណុលបាន។
ដោយគ្មានពេលខ្វល់ពីសុខភាព លោកយាយ គង់ ស្រី អាយុ ៦៥ឆ្នាំ និងជាអតីតអ្នកភូមិសំរោងត្បូង បច្ចុប្បន្នជាកម្មករសំណង់បានប្រាប់ ខេមបូចា ថាគាត់សប្បាយចិត្តនឹងប្រាក់ខែរបស់គាត់ទោះបីជាវាតិចក៏ដោយ ព្រោះលោកយាយត្រូវរកលុយសងបំណុលគេជាងពីរលានរៀល។ លោកយាយបានខ្ចីលុយគេដើម្បីរើរបស់របររបស់គាត់ពីភូមិសំរោងត្បូងទៅភូមិទួលពន្សាំង ដោយសារប្រាក់សំណង៥០០ ដុល្លាររបស់រាជរដ្ឋាភិបាលសម្រាប់ការផ្លាស់ទីលំនៅរបស់គាត់មិនគ្រប់គ្រាន់។
សេចក្តីសន្និដ្ឋាន
ប្រជាជនវ័យចំណាស់នៅកម្ពុជាប្រឈមនឹងភាពងាយរងគ្រោះជាច្រើន រួមទាំងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ការជំពាក់បំណុល និងភាពក្រីក្រ។ បញ្ហាប្រឈមទាំងនេះត្រូវបានជះឥទ្ធិពលដោយកត្តាផ្សេងៗដូចជា ការរស់នៅក្នុងភាពក្រីក្រ លទ្ធភាពទទួលបានការថែទាំសុខភាពនៅមានកម្រិត និងគោលនយោបាយគាំពារសង្គមមិនគ្រប់គ្រាន់។ ដើម្បីដោះស្រាយបញ្ហាដែលទាក់ទងគ្នានៃភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ជំពាក់បំណុល និងភាពក្រីក្រក្នុងចំណោមប្រជាជនវ័យចំណាស់នៅកម្ពុជា ដំណោះស្រាយគោលនយោបាយមួយចំនួនត្រូវបានពិចារណា៖
គោលនយោបាយគាំពារសង្គម៖ ការពង្រឹងគោលនយោបាយគាំពារសង្គមមានសារៈសំខាន់ណាស់ក្នុងការផ្តល់ការគាំទ្រ និងជំនួយដល់មនុស្សវ័យចំណាស់ដែលងាយរងគ្រោះ ដែលរួមបញ្ចូលទាំងការពង្រីកលទ្ធភាពទទួលបានកម្មវិធីជំនួយសង្គម និងការផ្ទេរសាច់ប្រាក់ ដើម្បីផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសារ។
ការកែលម្អលទ្ធភាពទទួលបានការថែទាំសុខភាព៖ ការលើកកម្ពស់លទ្ធភាពទទួលបានសេវាថែទាំសុខភាពសម្រាប់មនុស្សចាស់គឺមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយភាពងាយរងគ្រោះផ្នែកសុខភាព។ នេះអាចសម្រេចបានដោយការវិនិយោគលើការថែទាំសុខភាព បង្កើនចំនួនអ្នកជំនាញថែទាំសុខភាព និងគោលដៅអនុវត្តកម្មវិធីថែទាំសុខភាពសម្រាប់មនុស្សចាស់។
ឱកាសការងារ និងប្រាក់ចំណូល៖ ការបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់មនុស្សចាស់អាចជួយកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងភាពក្រីក្រ។ ដំណោះស្រាយនេះអាចសម្រេចបានតាមរយៈគំនិតផ្តួចផ្តើមដូចជាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ សេវាកម្មស្វែងរកការងារ ការគាំទ្រសហគ្រិនភាព និងការងារដែលអាចធ្វើបាននៅផ្ទះមនុស្សវ័យចំណាស់។
កិច្ចសហការរវាងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍអន្តរជាតិ មានសារៈសំខាន់ណាស់ក្នុងការដោះស្រាយបញ្ហាប្រឈមនៃភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច បំណុល និងភាពក្រីក្រក្នុងចំណោមប្រជាជនវ័យចំណាស់នៅកម្ពុជា។
អត្ថបទសិក្សាស្រាវជ្រាវខ្លីខាងលើនេះ ឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកស្រាវជ្រាវវ័យក្មេង លើជ្រុងមួយនៃការអភិវឌ្ឍក្រោមប្រធានបទ៖
“ ភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច បំណុល និងភាពក្រីក្រ ក្នុងចំណោមមនុស្សចាស់នៅកម្ពុជា ”
បញ្ជាក់អត្ថបទនេះមិនបានសិក្សាស៊ីជម្រៅ និងឆ្លុះបញ្ចាំងអំពី
ទស្សនៈរបស់អង្គការសមាគមធាងត្នោត (ស.ធ.ត)