រឿងរ៉ាវរបស់ស្រ្តីសកម្មជនដីធ្លី៖ បញ្ហាប្រឈម ដំណោះស្រាយ និងការឆ្ពោះទៅមុខ

7 មីនា 2025, 03:00 393 ការមើល
រឿងរ៉ាវរបស់ស្រ្តីសកម្មជនដីធ្លី៖ បញ្ហាប្រឈម ដំណោះស្រាយ និងការឆ្ពោះទៅមុខ

ក្នុងឱកាសទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ នេះ អង្គការសមាគមធាងត្នោត បានចេញផ្សាយអត្ថបទខ្លីមួយទៀតដែលជាការឆ្លុះបញ្ចាំងពីទស្សនៈរបស់អ្នកស្រាវជ្រាវវ័យក្មេងរបស់យើង ក្រោមប្រធានបទ “បញ្ហាប្រឈម ដំណោះស្រាយ និងការឆ្ពោះទៅមុខរបស់ស្ត្រីសកម្មជនដីធ្លី”។ អត្ថបទនេះលើកឡើងពីបទពិសោធន៍របស់ស្រ្តីសកម្មជនដីធ្លីចំនួន៤រូប ទាក់ទងនឹងការខិតខំប្រឹងប្រែងតស៊ូការពារដីធ្លី និងលំនៅឋានរបស់ពួកគេ និងផ្ដល់ជាអនុសាសន៍ដែលអាចដោះស្រាយសម្រាប់ស្ត្រីជាសកម្មជនដីធ្លីដទៃទៀត។

 

អ្នកស្រី កែវ បុប្ផា គឺជាសកម្មជនដីធ្លីដ៏គួឱ្យគោរពមួយរូប ដែលបានធ្វើការតស៊ូមតិដីធ្លីតាំងពីឆ្នាំ ២០១២មក។ ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូររបស់អ្នកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយ និងការគាំទ្រដល់អ្នកដែលកំពុងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៃការបណ្តេញចេញដោយបង្ខំ និងការផ្លាស់ទីលំនៅថ្មី ដែលបណ្តាលមកពីគម្រោងអភិវឌ្ឍន៍នានា ដូចជា សហគមន៍បឹងកក់ សហគមន៍បុរីកីឡា សហគមន៍អាកាសយានដ្ឋានថ្មី និងសហគមន៍ផ្លូវរថភ្លើងដែលជាសហគមន៍របស់អ្នកស្រីផ្ទាល់ផងដែរ។

 

ក្នុងបទសម្ភាសជាមួយអង្គការសមាគមធាងត្នោត (ស.ធ.ត) អ្នកស្រី បុប្ផា បានចែករំលែកនូវបញ្ហាប្រឈម ដែលអ្នកស្រីបានជួបប្រទះក្នុងការងារតស៊ូមតិសិទ្ធិដីធ្លីក្នុងនាមជាស្ត្រី។ ហើយបញ្ហាដែលអ្នកស្រីបុប្ផាបានជួបប្រទះក៏ត្រូវបានលើកឡើងដោយស្ត្រីសកម្មជនដីធ្លីដទៃទៀតដែរ។

 

ស្ត្រីសកម្មជនដីធ្លីតែងតែប្រឈមមុខនៅក្នុងស្ថានភាពដែលពួកគេត្រូវរក្សាតុល្យភាពរវាងការងារតស៊ូមតិសិទ្ធិដីធ្លីនឹងតួនាទីរបស់ពួកគេនៅក្នុងគ្រួសារ សហគមន៍ និងជាមួយអាជ្ញាធរ។ ទោះបីជាមានបញ្ហាប្រឈមក៏ដោយ ក៏ស្ត្រីសកម្មជនដីធ្លីចេះស្វែងរកដំណោះស្រាយនឹងបញ្ហាប្រឈមទាំងនេះយ៉ាងប៉ិនប្រសប់ហើយបន្តការងារតស៊ូមតិដ៏សំខាន់របស់ពួកគេបន្តទៀត។

 

 

គ្រួសារ និងការងារតស៊ូមតិដីធ្លី

 

ជាទំនៀមទម្លាប់ប្រពៃណីខ្មែរ ស្ត្រីដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខដុមរមនារបស់គ្រួសារ និងសហគមន៍របស់ពួកគេ ហើយកាតព្វកិច្ចនេះ ធ្វើឱ្យពួកគេមិនអាចនៅស្ងៀមបានទេ នៅពេលដែលផ្ទះ ដីធ្លី និងប្រភពចំណូលរបស់ពួកគេត្រូវបានដកហូត។ ហេតុដូច្នេះហើយ ស្ត្រីសកម្មជនដីធ្លី ដូចជាអ្នកស្រី បុប្ផា ជាឧទាហរណ៍ បានដើរតួជាអ្នកដឹកនាំក្នុងការបញ្ចេញមតិអំពីកង្វល់របស់ខ្លួនទាក់ទងនឹងវិវាទដីធ្លី ដែលពាក់ព័ន្ធជាមួយនឹងឧកញ៉ា ក្រុមហ៊ុនអាជីវកម្ម និងគម្រោងអភិវឌ្ឍន៍ក្នុងស្រុក ឬក្រៅស្រុក។

 

 

អ្នកស្រី អ៊ុំ សុភី តំណាងសហគមន៍ឡពាង ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន KDC បានប្រាប់ CamboJA អំពីហេតុផលរបស់អ្នកស្រីក្នុងការតស៊ូមតិដីធ្លីថា "ខ្ញុំគ្រាន់តែចង់បានដីរបស់ខ្ញុំមកវិញ ព្រោះកសិករដូចជាពួកយើងចង់បានដីសម្រាប់ធ្វើស្រែចំការ"។ អ្នកស្រីបានបន្តថា “យើងមិនចង់រស់នៅក្នុងស្ថានភាពរ៉ាំរ៉ៃបែបនេះទេ ព្រោះជីវិតរបស់យើងកាន់តែក្រទៅៗ ព្រោះការរកដំណោះស្រាយលើបញ្ហាដីធ្លីសម្រាប់ពួកយើងកាន់តែយូរទៅៗ”។

 

ការស្រាវជ្រាវបានបង្ហាញថាស្ត្រីសកម្មជនដីធ្លីប្រឈមមុខនឹងឧបសគ្គក្នុងការបំពេញតួនាទីជាម្តាយ និង ភរិយា ខណៈពេលដែលចូលរួមក្នុងការងារតស៊ូមតិ។ ករណីសិក្សាដែលធ្វើឡើងដោយអង្គការសមាគមធាងត្នោត (ស.ធ.ត) បានរកឃើញថា ប្តីរបស់ស្ត្រីសកម្មជនដីធ្លីម្នាក់ មិនអនុញ្ញាតឱ្យគាត់បានចូលរួមនៅក្នុងការងារតស៊ូមតិដោយលើកឡើងថា “វាមិនទទួលបានផលវិជ្ជមាននោះទេ ផ្ទុយទៅវិញ មានតែទទួលបានការគំរាមកំហែងពីអាជ្ញាធរ”។ 

 

ក្នុងបទសម្ភាសជាមួយអង្គការសមាគមធាងត្នោត អ្នកស្រី បុប្ផា បានបង្ហាញពីការសង្កេតមួយថា៖ ស្ត្រីសកម្មជនដីធ្លី ជាច្រើនបានជួបប្រទះនឹងការលែងលះគ្នា នៅក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។ អ្នកស្រីផ្ទាល់ក៏មិនបានទទួលការគាំទ្រពីគ្រួសារដែរ ដែលពួកគាត់យល់ថាការងារដែលអ្នកស្រីធ្វើមានគ្រោះថ្នាក់។ ប្រឈមមុខនឹងការលំបាកនេះ អ្នកស្រី បុប្ផាបានប្រើប្រាស់វិធីសាស្រ្តតវ៉ាអហិង្សា ដើម្បីចរចាជាមួយគ្រួសាររបស់អ្នកស្រី ហើយបន្តការងារតស៊ូមតិដីធ្លីដ៏ក្លៀវក្លារបស់អ្នកស្រីបន្តទៀត។

 

សហគមន៍ និងការងារតស៊ូមតិដីធ្លី

 

ការចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិនៅក្នុងសហគមន៍ជាពិសេសសហគមន៍ដែលមិនទាន់ទទួលបានការយល់ដឹងអំពីសិទ្ធិជាមូលដ្ឋានរបស់ពួកគេ និងភាពស្មុគស្មាញនៃច្បាប់ដីធ្លីក៏ជាបញ្ហាប្រឈមសម្រាប់ស្ត្រីសកម្មជនដីធ្លីផងដែរ។នៅពេលដែលសហគមន៍ផ្លូវរថភ្លើងរបស់អ្នកស្រីផ្ទាល់ ប្រឈមនឹងការបណ្តេញចេញដោយសារតែគម្រោងអភិវឌ្ឍន៍ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឆ្នាំ២០១៥ អ្នកស្រី បុប្ផា បានលើកឡើងថាអ្នកស្រីប្រឈមនឹងការលំបាកក្នុងការបញ្ចុះបញ្ចូលសមាជិកសហគមន៍របស់គាត់ឱ្យចូលរួមតស៊ូមតិដើម្បីសិទ្ធិរបស់ពួកគេ។ ដោយសារតែការព្រួយបារម្ភរបស់ពួកគេអំពីការគាបសង្កត់របស់អាជ្ញាធរ និងការយល់ដឹងអំពីសិទ្ធិរបស់ពួកគេនៅមានកម្រិត។

 

 

អ្នកស្រី បុប្ផា បានចែករំលែកអំពីយុទ្ធសាស្ត្រដែលអ្នកស្រីប្រើដើម្បីចូលរួមក្នុងការតស៊ូមតិដីធ្លី និងបង្រួបបង្រួមសមាជិកសហគមន៍របស់គាត់ តាមរយៈវិធីសាស្ត្រផ្សេងៗ។ ក្នុងនោះគឺអ្នកស្រីបានទៅសួរសុខទុក្ខគ្រួសារដែលជួបបញ្ហាដីធ្លីនៅក្នុងសហគមន៍ដោយផ្ទាល់ ដោយបានយកអាហារ និងបង្អែមទៅជាមួយក្នុងគោលបំណងជួយសម្រួលដល់ការពិភាក្សាទាក់ទងនឹងវិវាទដីធ្លី ជាមួយសមាជិកសហគមន៍របស់គាត់។

 

បន្ថែមពីនេះទៀត អ្នកស្រី បានជជែកពិភាក្សាអំពីសារៈសំខាន់នៃការសាមគ្គីភាព និងចែករំលែកយុទ្ធសា្រស្តការតស៊ូមតិ ដើម្បីគាំទ្រសហគមន៍របស់អ្នកស្រី។ អ្នកស្រីក៏បានលើកឡើងសុភាសិតខ្មែរមួយឃ្លាថា “ចង្កឹះមួយបាច់គេកាច់មិនបាក់” ដោយសំដៅលើភាពខ្លាំងនៅពេលដែលយើងមានការរួបរួមគ្នា។ អ្នកស្រីក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការឯកភាពរបស់សមាជិកសហគមន៍លើការទទួលយកសំណង និងសមភាពរវាងសមាជិកសហគមន៍ នឹងអ្នកតំណាងសហគមន៍ផងដែរ។

 

អាជ្ញាធរ និងការងារតស៊ូមតិ

 

ការធ្វើការជាមួយអាជ្ញាធរអាចជាបញ្ហាប្រឈមផងដែរសម្រាប់ស្ត្រីសកម្មជនដីធ្លី ដោយសារជាញឹកញាប់ ពួកគេបានជួបប្រទះនឹងអំពើហិង្សានិងការធ្វើបាបពីអាជ្ញាធរ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យឃើញថា ស្ត្រីសកម្មជនដីធ្លី និងអ្នកការពារសិទ្ធិមនុស្ស តែងតែជួបប្រទះនូវអំពើហិង្សា និងការយាយីផ្សេងៗ។ ជាឧទាហរណ៍ កាលពីដើមឆ្នាំនេះ ស្ត្រីសកម្មជនដីធ្លីនៅបឹងតាមោកចំនួន ១៩នាក់ ត្រូវបានចោទប្រកាន់ពីបទ “ហិង្សាដោយចេតនា និងការរារាំងមន្ត្រីសាធារណៈ”។ អ្នកស្រី ប្រាក់ សុភា ជាស្ត្រីសកម្មជនដីធ្លីម្នាក់ក្នុងចំណោមអ្នកទាំង១៩នាក់ បានសម្តែងការព្រួយបារម្មណ៍ដោយចោទសួរថា តើវាសមរម្យដែរទេ ដែលស្ត្រីសកម្មជនដីធ្លីគួរទ្រាំនឹងអំពើហិង្សាលើរាងកាយពីអាជ្ញាធរ។ អ្នកស្រីបានបន្ថែមទៀតថា តើច្បាប់បង្កើតមកដើម្បីការពារស្ត្រីសកម្មជនដីធ្លីដូចជាពួកគាត់ ឬក៏ជំរុញឱ្យអាជ្ញាធរធ្វើបាបជាពួកគាត់វិញ។

 

 

អ្នកស្រី បុប្ផា ដែលបានជួបប្រទះបញ្ហាប្រឈមស្រដៀងគ្នានេះ នៅក្នុងការងារតស៊ូមតិរបស់អ្នកស្រី បានចែករំលែកបទពិសោធន៍របស់ខ្លួន ថាអ្នកស្រីបានការប្រើប្រាស់អំណាចរបស់សារព័ត៌មាន និងប្រើប្រាស់វិធីសាស្រ្តចចារដោយមានប្រសិទ្ធិភាពជាមួយអាជ្ញាធរ។ ក្នុងនោះអ្នកស្រីបានអញ្ជើញអ្នកសារព័ត៌មានចូលរួមការជួបជុំដែលអ្នកស្រីបានចូលរួម ដើម្បីឱ្យសាធារណជន និងអង្គការមិនមែនរាជរដ្ឋាភិបាលបានដឹងឮពីបញ្ហារបស់អ្នកស្រី តាមរយៈការរាយការណ៍របស់អ្នកសារព័ត៌មាន។   ចំណែកឯ នៅពេលប្រឈមមុខនឹងការរើសអើង និងការមិនសហការណ៍របស់អាជ្ញាធរវិញ អ្នកស្រី បុប្ផាបានប្រើវិធីសាស្រ្តចរចាអហិង្សា និងបង្ហាញការគោរព ដោយពាក្យគួរសមជាមុនសិន មុននឹងប្រើវិធីបង្ខំនៅពេលដែលមិនមានការសហការណ៍ពីអាជ្ញាធរ។ អ្នកស្រីបានពន្យល់ថា "ខ្ញុំបាននិយាយទៅអាជ្ញាធរមូលដ្ឋានថា ឱ្យចាត់ទុកសហគមន៍ជាដៃគូ តំណាងឱ្យភ្នែក និងត្រចៀករបស់អាជ្ញាធរមូលដ្ឋាន"។ អ្នកស្រីបានបន្តទៀតថាអាជ្ញាធរមូលដ្ឋានមានតួនាទីបម្រើសហគមន៍។ បើមិនដូច្នេះទេ អ្នកស្រីនឹង ប្រើវិធីបង្ខំ ដោយការតវ៉ាដោយផ្ទាល់នៅទីស្នាក់ការរបស់ អាជ្ញាធរមូលដ្ឋានតែម្តង។

 

 

អ្នកនាង ស៊ា ដាវី មានវ័យសែសិបបីឆ្នាំ។ អ្នកនាងបានដើរតួរជាមេគ្រួសារជំនួសឪពុកម្ដាយដែលចាស់ជរា ក្នុងបុព្វហេតុការពារដីធ្លី និងលំនៅឋានរបស់ខ្លួននៅពេលដែលមានការចាក់លុបបឹងតាមោកតាំងពីឆ្នាំ២០២០។ អ្នកនាង ស៊ា ដាវី បានរងបណ្ដឹងចំនួនពីរករណីក្នុងសំណុំរឿងព្រហ្មទណ្ឌ។ អ្នកនាង ស៊ា ដាវី ជាចុងចម្លើយម្នាក់ក្នងចំណោមពលរដ្ឋបីនាក់ ដែលប្ដឹងដោយអាជ្ញាធរខណ្ឌព្រែកព្នៅ ពីបទប្រឆាំងអ្នករាជការសាធារណៈ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសទាក់ទិនទាក់ទិននឹងការ “យកឈើចាក់បំបុកក្រុមការងាររដ្ឋបាលខណ្ឌចុះរៀបចំសណ្ដាប់ធ្នាប់” កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៣។ អ្នកនាងបានអះអាងថាគាត់បានរងទុក្ខលំបាកគ្រប់បែបយ៉ាងក្នុងរយៈពេលដែលបឹងតាមោកត្រូវបានគេចាក់ដីលុប។ គ្រួសាររបស់គាត់ បាត់បង់មុខរបរនាំឱ្យ ចំណូលធ្លាក់ចុះ បាត់ទីធ្លាប់ផ្ដល់ម្ហូបអាហារ បាត់ដីចំការឈូកដែលធ្លាប់អាស្រ័យផល និងជាពិសេសរងនូវការយាយីតាមផ្លូវតុលាការទៀតផង។ អ្នកនាងបន្ថែមថា៖ “ តាំងពីតូចដល់ធំខ្ញុំរស់នៅមិនដែលឈ្លោះបងប្អូនណាទេ ទើបតែចូលរួមការពារលំនៅឋាននេះគឺជាប់បណ្ដឹងតុលាការដល់ទៅបីនាក់តែម្ដង។ ធ្ងន់ណាស់ធំណាស់សម្រាប់ខ្ញុំដែលជាពលរដ្ឋសាមញ្ញម្នាក់”។ អ្នកនាងស៊ា ដាវី អះអាងថា អាជ្ញាធរខណ្ឌព្រែកព្នៅសន្យាថា នឹងប្រគល់ប្លង់កម្មសិទ្ធិផ្ទះថ្មីឱ្យគ្រួសាររបស់នាងប៉ុន្តែជាក់ស្ដែងមិនទាន់បានទទួលនៅឡើយទេ។ អ្នកនាង ស៊ា ដាវី៖ “ឆ្លងកាត់ការទាមទារហ្នឹងខ្ញុំមានសម្ពាធច្រើនមែនទែន ទឹកចិត្តខ្ញុំចង់តែរស់នៅផ្ទះចាស់នេះ។ ខ្ញុំយកសម្រេចកន្លែងថ្មីនេះព្រោះតែអស់ជម្រើស ខ្ញុំស្នើឱ្យអាជ្ញាធរផ្ដល់ប្លង់កម្មសិទ្ធិនិងឯកសារស្របច្បាប់នានាឱ្យពួកខ្ញុំ ពិសេសកុំបណ្ដេញពួកខ្ញុំចេញទៀតទៅគឺបានហើយ”

 

សេចក្តីសនិដ្ឋាន

 

ការបណ្តេញចេញដោយបង្ខំគឺជាបញ្ហាដែលទាក់ទងនឹងយេនឌ័រ ដោយយើងបានឃើញថាអ្នកតវ៉ាភាគច្រើនជាស្ត្រី។ ផលប៉ះពាល់នៃការបណ្តេញចេញដោយបង្ខំមានឥទ្ធិពលជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រី ដោយសារពួកគេទទួលបន្ទុកក្នុងការរក្សាសុខដុមរមនារបស់គ្រួសារ និងការពារសិទ្ធិរបស់ពួកគេក្នុងការចូលរួមក្នុងការធ្វើផែនការ និងការអភិវឌ្ឍដីធ្លី។ក្នុងស្ថានភាពដែលពាក់ព័ន្ធនឹងវិវាទដីធ្លី ក្នុងនាមជាស្ត្រីក្រីក្រនៅទីក្រុង ជាអ្នកការពារសិទ្ធិមនុស្ស និងជាម្តាយ ពួកគេប្រាកដជាមិននៅស្ងៀមទេ នៅពេលដែលដីធ្លី និងលំនៅឋានរបស់ពួកគេ ត្រូវបានរឹបអូសដោយបង្ខំ។ ជីវិតរបស់ស្ត្រីសកម្មជនដីធ្លី ទាំងនេះ អាចជួបនឹងវិបាត់យ៉ាងខ្លាំង ខណៈពេលដែលពួកគេធ្វើការការពារដីធ្លីរបស់ពួកគេ ដូចដែលបានលើកឡើងពីខាងលើ គឺដោយសារបញ្ហាប្រឈមនៅក្នុងផ្ទះ សហគមន៍ និងជាមួយអាជ្ញាធរ។

 

ដោយមើលឃើញពីភាពចាំបាច់ដើម្បីការពារការរួមចំណែកដែលមិនអាចកាត់ថ្លៃបានរបស់ស្ត្រីសកម្មជនដីធ្លីទាំងនេះប្រឆាំងនឹងផលប៉ះពាល់នៃការបណ្តេញចេញដោយបង្ខំ ការផ្លាស់ទីលំនៅដោយបង្ខំ ការបំភិតបំភ័យពីអ្នកមានអំណាច ការចោទប្រកាន់និងការកាត់ទោសដោយអយុត្តិធម៌យើងគួរចូលរួមក្នុងវិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវឧបសគ្គដែលបានជួបប្រទះដោយស្រ្តីសកម្មជនដីធ្លីទាំងនេះ។

 

ស្រ្តីសកម្មជនដីធ្លី អាចបង្កើតបណ្តាញស្រ្តីសកម្មជនដីធ្លី ដែលអនុញ្ញាតឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្រ្តតស៊ូមតិរវាងស្រ្តីសកម្មជនដីធ្លី ដែលធ្វើការក្នុងវិស័យដូចគ្នា និងចែករំលែកព័ត៌មានដែលមានសារៈសំខាន់ចំពោះសុវត្ថិភាពរបស់ពួកគេ ។ ស្រ្តីសកម្មជនដីធ្លីអាចសម្របសម្រួល បណ្តាញស្រ្តីសកម្មជនដីធ្លី ដោយខ្លួនឯងផ្ទាល់ ជាមួយនឹងការគាំទ្រ និងការសម្របសម្រួលដោយអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យដីធ្លី។ លើសពីនេះទៀត ដោយពិចារណាលើលក្ខណៈនៃតម្រូវការផ្នែកផ្លូវចិត្ត និងរាងកាយនៃការងារតស៊ូមតិដីធ្លី រាជរដ្ឋភិបាល អង្គការក្រៅរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា អាចចូលរួមក្នុងការបង្កើតក្រុមគាំទ្រ ដែលអាចផ្តល់ទាំងជំនួយផ្លូវចិត្ត និងហិរញ្ញវត្ថុដល់ស្រ្តីសកម្មជនដីធ្លី ដែលជួបប្រទះនឹងបញ្ហាប្រឈមក្នុងជីវិតផ្ទាល់ខ្លួន និងការងាររបស់ពួកគេ។ បើទោះបីជាករណីមួយចំនួន ត្រូវបានដោះស្រាយយ៉ាងណាក្តី អាជ្ញាធរ និងរាជរដ្ឋាភិបាលគួរផ្តល់ដំណោះស្រាយសមរម្យ និងសន្តិវិធីដោយអនុលោមតាមគោលការណ៍ និងច្បាប់ជាតិ និងអន្តរជាតិជូនចំពោះប្រជាពលរដ្ឋ ជាពិសេសស្រ្តី ដែល ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ដូចខាងក្រោម៖

 

គោលដៅទី៥ សមភាពយែនឌ័រ ដែលបានផ្តោតលើការរក្សាសមធម៌យេនឌ័រ និងផ្ដល់អំណាចដល់ស្រ្តី និងក្មេងស្រី ដែលមានគោលបំណងលុបបំបាត់ការរើសអើងគ្រប់ទម្រង់និងអំពើហិង្សា ចំពោះស្រ្តី និងក្មេងស្រី និងធានាថាពួកគេមានឱកាសស្មើគ្នានៅគ្រប់វិស័យទទួលបានការអប់រំ ការថែទាំសុខភាព ការងារ និងឱកាសចូលរួមនយោបាយនោះ ចាត់វិធានការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធិភាព និងតឹងរ៉ឹងចំពោះអំពើហិង្សា និងការបៀតបៀនគ្រប់ទម្រង់មកលើស្រ្តី និងក្មេងស្រី ជាពិសេសស្រ្តីក្រីក្រក្នុងទីក្រុង និងជនបទ ដោយគ្មានការលើកលែង និងធានានូវការការពារសម្រាប់ស្រ្តី និងក្មេងស្រីដែលងាយរងគ្រោះដោយសារអំពើហិង្សាផ្អែកលើយេនឌ័រ។

 

គោលដៅទី១១ ទីក្រុង និងសហគមន៍ប្រកបដោយចីរភាពមានគោលដៅអភិវឌ្ឍទីក្រុង និងទីតាំងលំនៅឋានរបស់ប្រជាពលរដ្ឋ មានភាពរួមបញ្ចូល មានសុវត្ថិភាព ភាពធន់ និងនិរន្តរ៍ភាព កម្ពុជាគួរបញ្ឈប់ការបណ្តេញចេញទាំងអស់ និងផ្តល់ប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីបន្ថែមដល់សហគមន៍ក្រីក្រក្នុងទីក្រុង និងជនបទដើម្បីបង្កើនសុវត្ថិភាពក្នុងការកាន់កាប់ និងគាំទ្រឱ្យមានលំនៅឋានសមរម្យព្រមទាំងដាក់បញ្ចូល និងទទួលស្គាល់កសិករខ្នាតនៅជនបទ ពិសេសកសិករជាស្រី្តក្នុងគោលនយោបាយគាំពារសង្គមគាំទ្របណ្តុះបណ្តាលជំនាញ និងឧបត្ថម្ភទុន។

 

 

 

ចែករំលែក: